សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្រចាំកម្ពុជា ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា និងសហការី ដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ថា ភ្នាក់ងារ UN ជាដៃគូដ៏សំខាន់របស់កម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិ ដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការ ជាមួយគណៈកម្មការទី៨ របស់រដ្ឋសភា រៀបចំកម្មវិធី «សភាត្រាប់» សំដៅលើកកម្ពស់សិទ្ធិ និងចំណេះដឹងដល់ យុវជន និងយុវតីកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ។ កម្មវិធីសភាត្រាប់ នេះ ទទួលបានជោគជ័យនិងទទួលបាននូវការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសពីសំណាក់យុវជនកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជាបិតាក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយក្នុងនីតិកាលបន្ទាប់នេះ សម្តេចបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនស្រ្តី ក្នុងតួនាទីសម្រេចចិត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ចក្ខុវិស័យនេះ ត្រូវបានបន្តអនុវត្តយ៉ាងខ្លាំងក្លានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកថាស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គម។ សម្តេចធិបតី បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថាកម្ពុជាកំពុងបោះជំហានកាន់តែខិតជិត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសហប្រជាជាតិ (SDGs) និងចក្ខុវិស័យរបស់ខ្លួន ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបានផ្តល់សច្ចាប័នលើរបៀបវារៈ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នាឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្របសម្រួល និងអនុវត្តគោលដៅអភិវឌ្ឍន៍ SDGs ឱ្យស្របទៅនឹងអាទិភាពជាតិ។ ក្របខណ្ឌនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិ និងផែនការតាមវិស័យ រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ផងដែរ។



