ទឹកចិត្តមនុស្សធម៌! សប្បុរសជនបរិច្ចាគថវិកា និងសម្ភារៈជូនកាកបាទក្រហមខេត្តព្រះសីហនុ ក្នុងឱកាសទិវា ៨ ឧសភា
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយពីសប្បុរសជន ក្នុងឱកាសអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគររកមូលនិធិ និងធនធាន ដើម្បីឱ្យសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពបន្តផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ព្រមទាំងពង្រឹងភាពធន់នៅក្នុងសហគមន៍។
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានរៀបចំពិធីទទួលអំណោយពីសប្បុរសជនបានចំនួន ៣លើក រួមមាន៖
• លើកទី១ ទទួលបានពីសប្បុរសជនចំនួន ១០២នាក់ នូវថវិការៀលចំនួន ២០០,០០០,០០០ រៀល ថវិកាដុល្លាចំនួន ៣៦៩,០០០ ដុល្លារអាមេរិក និងទឹកបរិសុទ្ធចំនួន ៨០០ យួរ។
• លើកទី២ ទទួលបានពីសប្បុរសជនចំនួន ៧៤នាក់ នូវថវិការៀលចំនួន ១០០,១៩៥,០០០ រៀល និងថវិកាដុល្លាចំនួន ៧៦,៣៧៧ ដុល្លារអាមេរិក។
• លើកទី៣ ទទួលបានពីសប្បុរសជនចំនួន ១៦៥នាក់ នូវថវិការៀលចំនួន ៤៦,០៩០,០០០ រៀល និងថវិកាដុល្លាចំនួន ១០៤,៤៧២ ដុល្លារអាមេរិក។
សរុបរួមទាំង ៣លើក សាខាខេត្តទទួលបានថវិការៀលសរុប ៣៤៦,២៨៥,០០០ រៀល ថវិកាដុល្លារសរុប ៥៤៩,៨៤៩ ដុល្លារអាមេរិក រួមទាំងទឹកបរិសុទ្ធចំនួន ៨០០ យួរ ពីសប្បុរសជនសរុបប្រមាណ ៣៤១ នាក់។
ក្នុងឱកាសនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ថវិកា និងសម្ភារៈឧបត្ថម្ភទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ចំគោលដៅ ប្រកបដោយតម្លាភាព ដើម្បីជួយទ្រទ្រង់ និងសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្ត ដោយឈរលើគោលការណ៍គ្រឹះទាំង ៧ ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជនទាំងអស់ ក៏បានអរគុណ និងសូមជូនពរដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជោគជ័យគ្រប់ភារកិច្ច។
កាយវិការមនុស្សធម៌របស់សប្បុរសជនទាំងអស់ មិនត្រឹមតែឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែករបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត អាចឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្សត់ខ្សោយនៅក្នុងសង្គមផងដែរ៕
អត្ថបទ ៖ ស្រីមុំ
រូបភាព ៖ ស៊ីថាត់



