តាមផ្លូវក្រវ៉ាត់ក្រុងក្រចេះថ្មី អាជ្ញាធរ រៀបចំដាំដើមធ្នង់ នាងនួន ជើងគោ ក្ងោកបង្កើតពណ៌បៃតង
ខេត្តក្រចេះ ៖ ចាប់ពីរង្វង់មូលខ្លាស្ទុះក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុចក្បាលស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីបង្កើនសោភ័ណភាពបន្ថែមទៀត អាជ្ញាធរខេត្តក្រចេះបានដាំកូនឈើអមសងខាងផ្លូវក្រវ៉ាត់ក្រុងក្រចេះថ្មី។
ការដាំកូនឈើចម្រុះនេះធ្វើឡើងបន្ទាប់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានដឹកនាំក្រុមការងារចុះពិនិត្យរៀបចំទីតាំងដាំដើមឈើខាងលើរួចមក។
កូនឈើចម្រុះដែលអាជ្ញាធរយកទៅដាំរួមមានប្រភេទ ដើមធ្នង់ នាងនួន ដើមជើងគោ និងដើមក្ងោក ដែលកូនឈើប្រភេទនេះភាគច្រើនឆាប់ធំលឿនមានមែកសាខា និងមានស្លឹកច្រើនផ្ដល់ជាម្លប់ដូចជា ដើមក្ងោកជាដើមឈើមានមែនសាខា ជាពិសេសមានផ្កាពណ៌ស្រស់ស្អាតគូរជាទីចាប់អារម្មណ៍និងទាក់ទាញ។
ផ្លូវក្រវ៉ាត់ក្រុងក្រចេះ កំពុងត្រូវបានរៀបចំដាក់បង្គោលសញ្ញាអមនៅតាមសងខាងផ្លូវបណ្តើៗ ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរតាម កង់ ម៉ូតូ រថយន្ត ការពារកុំឲ្យរអិលជ្រុលធ្លាក់ទៅខាងក្រោម ពីព្រោះស្ថានភាពផ្លូវនេះមានកម្ពស់ខ្ពស់ផុតពីកម្ពស់ទឹកជំនន់នារដូវវស្សា៕



