ឯកឧត្តម ឈួរ សុបញ្ញា : ព្រះពុទ្ធសាសនាដើរតួនាទីដូចជាគ្រូអប់រំផ្លូវចិត្ត ដែលជួយដឹកនាំមនុស្សឱ្យរស់នៅដោយសុចរិតភាព សច្ចៈភាព និងសេចក្តីករុណា

ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថសិស្សតាមពុទ្ធមាគ៌ា នៅសាលាអនុវិទ្យាល័យឆាយឆុប ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ៥៥១ នាក់ ក្រោមព្រះអធិបតីភាពព្រះធម្មសំវរ គង់ សុខហាន “ឥន្ទប្បញ្ញោ” ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរគណស្តីទីខេត្តកំពង់ស្ពឺ ព្រះនាយកពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន និងជាព្រះចៅអធិការវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង)។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការបណ្តុះសិស្សានុសិស្សឱ្យមានសីលធម៌ល្អ ចរិយាធម៌សមរម្យ វិន័យរឹងមាំ និងការយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងសង្គម ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពសម្រាប់អនាគតជាតិ។

ក្នុងបរិយាកាសអប់រំដ៏មានអត្ថន័យនោះ ព្រះធម្មសំវរ គង់ សុខហានមានថេរដ៏មានតម្លៃបន្ថែមថា តួនាទីរបស់ព្រះពុទ្ធសាសនា មិនមែនគ្រាន់តែជាការប្រតិបត្តិពិធីបុណ្យ ឬការគោរពបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានអប់រំផ្លូវចិត្តដ៏សំខាន់ ដែលជួយឱ្យមនុស្សយល់ដឹងអំពីតម្លៃជីវិត និងទិសដៅនៃការរស់នៅត្រឹមត្រូវ។ ព្រះអង្គបានពន្យល់ថា ការអប់រំតាមពុទ្ធសាសនា មានគោលដៅសំខាន់ក្នុងការបណ្តុះឱ្យមនុស្ស “ស្គាល់ខ្លួនឯង” តាមរយៈការយល់ដឹងអំពី បុណ្យបាប និងគុណទោស។ នៅពេលមនុស្សមានសតិសម្បជញ្ញៈច្បាស់លាស់ នឹងអាចវិនិច្ឆ័យអំពើរបស់ខ្លួនបានត្រឹមត្រូវ ដឹងថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ហើយអាចជៀសវាងអំពើអវិជ្ជមានដែលនាំទៅរកទុក្ខទោសទាំងខ្លួនឯង និងសង្គម។ ព្រះអង្គក៏បានលើកឡើងថា សង្គមដែលរឹងមាំ មិនអាចពឹងផ្អែកតែលើច្បាប់ និងរចនាសម្ព័ន្ធរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវមាន “សីលធម៌ក្នុងចិត្តមនុស្ស” ជាគ្រឹះ។ ជាចុងក្រោយ ព្រះអង្គបានបញ្ជាក់ថា នៅពេលមនុស្សអនុវត្តព្រះធម៌ក្នុងជីវិតប្រចាំថ្ងៃ នឹងក្លាយជាមនុស្សមានវិន័យ មានការទទួលខុសត្រូវ និងចេះរស់នៅសុខដុមជាមួយអ្នកដទៃ ដែលជាមូលដ្ឋាននាំទៅរកសង្គមមានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

ក្នុងឱកាសនោះឯកឧត្តមបានលើកឡើងថា ការអប់រំសីលធម៌តាមពុទ្ធមាគ៌ា គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងមនុស្សល្អ សង្គមល្អ និងជាតិរឹងមាំ។ព្រះពុទ្ធសាសនាដើរតួនាទីដូចជាគ្រូអប់រំផ្លូវចិត្ត ដែលជួយដឹកនាំមនុស្សឱ្យរស់នៅដោយ សុចរិតភាព សច្ចៈ និងករុណា។ សិស្សានុសិស្សត្រូវយកចិត្តទុកដាក់លើការសិក្សា វិន័យ និងការរស់នៅប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការរួមបញ្ចូលរវាងការអប់រំក្នុងសាលារៀន និងព្រះពុទ្ធសាសនា គឺជាផ្លូវសំខាន់ក្នុងការបណ្តុះអ្នកបន្តវេនជំនាន់ថ្មីឱ្យមានចរិយាធម៌ល្អ និងជាកម្លាំងសម្រាប់អភិវឌ្ឍប្រទេសជាតិទៅអនាគត។ក្នុងឱកាសកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថសិស្សតាមពុទ្ធមាគ៌ា ឯកឧត្តមក៏បានលើកឡើងនូវទស្សនាទានអប់រំសម្រាប់យុវជនក្នុងការរស់នៅក្នុងសង្គមប្រកបដោយ សច្ចៈ កតញ្ញូ និងខន្តី ដូចខាងក្រោម៖

១. “សច្ចៈ ជាគ្រឹះនៃទំនុកចិត្តក្នុងសង្គម”គឺ យុវជនត្រូវរស់នៅដោយស្មោះត្រង់ ចេះនិយាយពិត ធ្វើពិត និងគោរពពាក្យសន្យា ព្រោះសច្ចៈគឺជាគ្រឹះសំខាន់នៃការកសាងទំនុកចិត្តក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ។

២. “កតញ្ញូ ជាគុណធម៌នៃការដឹងគុណ និងការតបស្នងគុណ” គឺយុវជនត្រូវចេះដឹងគុណឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងសង្គមជាតិ ដែលបានផ្តល់ឱកាសអប់រំ និងការរស់នៅល្អ ដោយត្រូវតបស្នងគុណតាមរយៈការខិតខំរៀនសូត្រ និងធ្វើអំពើល្អ។

៣. “ខន្តី ជាកម្លាំងចិត្តក្នុងការជម្នះឧបសគ្គ” គឺការអត់ធ្មត់គឺជាគន្លឹះដ៏សំខាន់ក្នុងញាំងជីវិតរស់នៅប្រកបដោយសេចក្តីស្ងប់ យុវជនត្រូវចេះទប់ចិត្ត មិនឆាប់ខឹង មិនចុះចាញ់ឧបសគ្គ និងបន្តខិតខំដើម្បីសម្រេចគោលដៅក្នុងជីវិត។

ហេតុនេះ សច្ចៈ កតញ្ញូ ខន្តី ជាគន្លឹះនៃយុវជនល្អ និងសង្គមរឹងមាំ។នៅពេលយុវជនអនុវត្តគុណធម៌ទាំងបីនេះជាប្រចាំ នឹងក្លាយជាមនុស្សមានតម្លៃ សង្គមមានសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។