លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការងាររៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការងាររៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០។ កិច្ចប្រជុំក៏មានវត្តមានរអញ្ជើញចូលរួមដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ  ឯកឧត្តមអគ្គនាយកប្រធានសសរស្តម្ភ ទីប្រឹក្សា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។ ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញការវិនិយោគ គាំទ្រអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។