លោកប្រធាន AAC ចាត់ទុកនិស្សិត ជា «អគ្គរដ្ឋទូតសុវត្ថិភាពចរាចរណ៍»  ក្នុងការនាំសារអំពីបញ្ហាគ្រោះថ្នាក់នៃការគ្រឿងស្រវឹងទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារ

លោកប្រធាន AAC ចាត់ទុកនិស្សិត ជា «អគ្គរដ្ឋទូតសុវត្ថិភាពចរាចរណ៍»  ក្នុងការនាំសារអំពីបញ្ហាគ្រោះថ្នាក់នៃការគ្រឿងស្រវឹង ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ព្រោះយុវជនដែលជាអ្នកដឹកនាំនិងជាកម្លាំងចលករនៃការផ្លាស់ប្តូរសម្រាប់អនាគតនៃប្រទេសកម្ពុជា។
លោក ម៉ើ បូរ៉ា ប្រធានសមាគមយានយន្តកម្ពុជាហៅកាត់ថា AAC បានបង្ហាញការមើលឃើញថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅតែជាមូលហេតុចម្បងមួយ នៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែវាកំពុងកើតឡើងនៅទូទាំងសាកលលោក។ ជារៀងរាល់ថ្ងៃគ្រោះថ្នាក់ដែលយើងអាចបង្ការបានទាំងនេះ បានឆក់យកជីវិតដ៏មានតម្លៃពីយុវជននិងក្តីសង្ឃឹមរបស់គ្រួសារជាច្រើន ព្រមទាំងកាត់ផ្តាច់នូវអនាគតដ៏ភ្លឺស្វាងរបស់យុវជនដូចជាប្អូនៗទាំងអស់គ្នានៅទីនេះ។ ការកត់សម្គាល់របស់លោកប្រធាន AAC បែបនេះ បានលើកឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងចែកសៀវភៅចំណេះដឹង អំពី អ្វីដែលអ្នកថ្មើជើង អ្នកជិះកង់ និងអ្នកជិះម៉ូតូត្រូវយល់ដឹង ព្រមទាំងផ្តល់មួកសុវត្ថិភាព ដល់និស្សិតនៃវិទ្យាស្ថានភាសាបរទេស (IFL) កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរូមពី សាស្រ្តាចារ្យលោកគ្រូ អ្នកគ្រូ ប្អូនៗនិស្សិត និងថ្នាក់ដឹកនាំសមាគមយានយន្តកម្ពុជាប្រមាណជាជាង១០០នាក់។
លោក ម៉ើ បូរ៉ា បានបញ្ជាក់ថា នៅក្នុងប្រទេសរបស់យើង ពាក្យថា«បើស្រវឹង សូមកុំបើកបរ» គឺជាឃ្លាដ៏ពេញនិយម ដែលយើងលឺនិងឃើញស្ទើររាល់ថ្ងៃ។ ដោយហេតុដូច្នេះហើយទើបសមាគមយានយន្តកម្ពុជា បានចាប់ដៃគ្នាជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ដើម្បីជំរុញយុទ្ធនាការ «ឥទ្ធិពលនៃពាក្យថាទេ» (The Power of No) នេះឡើង។ ក្នុងការដោះស្រាយវិបត្តិនេះមិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេគឺយើងចាំបាច់ត្រូវការ ការចូលរួមយ៉ាងសកម្មពីសហគមន៍ទាំងមូលទាំងក្នុងកម្រិតមូលដ្ឋាននិងលំដាប់អន្តរជាតិ។
លោកប្រធាន សង្ឃឹមថា ប្អូនៗនិស្សិតនៃវិទ្យាស្ថាន IFL មិនត្រឹមតែជាអ្នកអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍យ៉ាងម៉ុតមាំប៉ុណ្ណោះទេប៉ុន្តែនឹងជា «អគ្គរដ្ឋទូតសុវត្ថិភាពចរាចរណ៍» របស់ប្រទេសយើង។ សូមនាំយកសារ និងឥទ្ធិពលនៃការហ៊ាននិយាយថា «ទេ» ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់ប្អូនៗ។ ហ៊ាននិយាយថា «ទេ» ចំពោះការបើកបរក្នុងស្ថានភាពស្រវឹង និងហ៊ាននិយាយថា «ទេ» ចំពោះការជិះរួមដំណើរជាមួយអ្នកដែលស្រវឹង។ ការសម្រេចចិត្តរបស់ប្អូនៗ មានអំណាចខ្លាំងបំផុត ក្នុងការជួយសង្រ្គោះជីវិតមនុស្ស៕