ឯកឧត្តម នេត្រ ភក្រ្តា ៖ ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាប្រឈមសម្រាប់កម្ពុជាតែម្នាក់ឯងនោះទេ វាជាបញ្ហាប្រឈមរួមរបស់តំបន់និងពិភពលោក,ព័ត៌មានមិនពិតធ្វើដំណើរឆ្លងដែន មានភាសាចម្រុះតាមរយៈវិធីផ្សេងៗនិងទៅកាន់សហគមន៍នានា ដូច្នេះ មិនមានប្រទេសណាមួយ ឬក្រសួង អង្គភាពផ្សព្វផ្សាយ ឬវេទិកាណាមួយអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានឡើយ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែល បង្កការយល់ច្រលំ និងព័ត៌មានអនឡាញ ដែលបង្កគ្រោះថ្នាក់ អាចរីករាលដាលឆ្លងដែន ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាអាចធ្វើឱ្យសាធារណជនយល់ច្រលំ កាត់បន្ថយទំនុកចិត្តមកលើស្ថាប័នសាធារណៈ និង ឯកជន បំផ្លាញសុខដុមនីយកម្មសង្គម ប៉ះពាល់សន្តិសុខជាតិ និងរង្គោះរង្គើដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូ។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះមិនមែនពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះទេ ប៉ុន្តែទាក់ទងនឹងទំនុកចិត្តសាធារណៈ ស្ថិរភាពសង្គម ភាពធន់របស់ប្រទេសជាតិ និងទំនុកចិត្តក្នុងតំបន់។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ » នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមមានការចូលរួមពីតំណាងស្ថានទូតចិន ស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីព័ត៌មានមិនពិត មិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែល្បឿនវិសាលភាព និងភាពស្មុគស្មាញរបស់ វានាពេលបច្ចុប្បន្ន គឺមិនធ្លាប់មានពីមុនមកឡើយ។ ចាប់តាំងពីការឃោសនាដំបូងៗនៅ ក្នុងប្រវត្តិសាស្ត្ររហូតដល់ការប្រើប្រាស់ព័ត៌មាន ក្នុងអំឡុងពេលជម្លោះ និងវិបត្តិនានា ព័ត៌មានមិនពិតត្រូវបានប្រើប្រាស់ក្នុងគោល បំណងបំភាន់ការយល់ឃើញរបស់សាធារណជន។ សព្វថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម កម្មវិធីផ្ញើសារបញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វ ផ្សាយសំយោគ និង deepfakes បានធ្វើឱ្យ ពលរដ្ឋកាន់តែពិបាកក្នុងការបែងចែករវាងការពិត និងមិនពិត។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានរំលេចឡើងនូវចំណុចសំខាន់នៅក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានព្រមានថា ព័ត៌មានភាន់ច្រឡំ និងព័ត៌មានមិនពិត ស្ថិតក្នុងចំណោមហានិភ័យនាំមុខគេនៅលើ សកលលោកដែលបង្កឡើងក្នុងរយៈពេលខ្លី ជាពិសេសដោយសារវាបំផ្លាញទំនុកចិត្ត បែងចែកគម្លាតសង្គម និងធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលចុះទន់ខ្សោយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា សុចរិតភាពព័ត៌មាន មិនមែនជាជម្រើសបន្ថែមទៀតទេ ប៉ុន្តែវាជាគ្រឹះសម្រាប់សន្តិភាព ការអភិវឌ្ឍ ទំនុកចិត្តសាធារណៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ឌីជីថល ប្រកបដោយការទទួលខុសត្រូវ។
ដូច្នេះហើយបានជាវេទិកានៅពេលថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានការចូលរួមពីតំណាងមកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល អ្នកប្រកប វិជ្ជាជីវៈក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត អ្នកជំនាញ យុវជន និងអ្នកទំនាក់ទំនង។ តាមរយៈវេទិកា ពិគ្រោះយោបល់នៅថ្ងៃនេះនឹងផ្លាស់ប្តូរបទពិសោធថ្នាក់ជាតិ ពិភាក្សា អំពីបញ្ហាប្រឈមរួមកំណត់វិធានការឆ្លើយតបជាក់ស្តែង និងពិចារណាអំពី សកម្មភាព យុទ្ធសាស្ត្រ ដើម្បីគាំទ្រយុទ្ធនាការ Zero Fake News និងកសាង លំហព័ត៌មានដែលអាចជឿទុកចិត្តបានកាន់តែខ្លាំងនៅក្នុងតំបន់មេគង្គ។
ឯកឧត្តម ក៏បានលើកឡើងដែរថា វេទិកានេះផ្អែកលើគោលការណ៍សំខាន់ៗមួយចំនួន រួមមានការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន ការផ្ទៀងផ្ទាត់ការពិតឱ្យបានទាន់ពេលវេលា ការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការប្រើប្រាស់ ឌីជីថល ប្រកបដោយក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការតំបន់៕



