ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “សមាធិ ពុទ្ធវចនៈ បណ្ឌិតព្រះពុទ្ធសាសនា និងបញ្ញាជាគុណជាតិប្រសើរជាងទ្រព្យ” ចំនួន ៨០០ក្បាល ដែលឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ បានជួយឧបត្ថម្ភក្នុងការបោះពុម្ព ដើម្បីឱ្យ លោកបណ្ឌិត ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន អ្នកស្រាវជ្រាវទូទៅ និងសាធារណៈជនក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត៕