រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ភាពត្រឹមត្រូវនៃព័ត៌មាន គឺជាគ្រឹះនៃទំនុកចិត្តសាធារណៈ។ ទំនុកចិត្តសាធារណៈ គឺជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។ សន្តិភាព និងសណ្តាប់ធ្នាប់សង្គមវិញ គឺជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសរបស់យើង តំបន់របស់យើង និងពិភពលោក»។

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិតអាចរីករាលដាលឆ្លងកាត់ព្រំដែន ភាសា បណ្តាញសង្គម និងសហគមន៍នានា ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ វាអាចធ្វើឱ្យប្រជាពលរដ្ឋយល់ខុស បង្កើតឱ្យមានការភ័យខ្លាច បន្ថយទំនុកចិត្តលើស្ថាប័នសាធារណៈ បំផ្លិចបំផ្លាញសុខដុមរមនាសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា។

ព័ត៌មានក្លែងក្លាយមិនមែនត្រឹមតែជាបញ្ហាប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែវាជាបញ្ហាយុទ្ធសាស្ត្រដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ ភាពសុខដុមរមនាក្នុងសង្គម ភាពធន់របស់ជាតិ សន្តិសុខឌីជីថល ភាពជឿជាក់ក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ព័ត៌មានក្លែងក្លាយជាញឹកញាប់រីករាលដាលលឿនជាងព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ដូច្នេះ ការឆ្លើយតបរបស់យើងត្រូវតែលឿនជាងមុន វៃឆ្លាតជាងមុន មានការសម្របសម្រួលល្អជាងមុន និងមានលក្ខណៈបុរេសកម្មជាងមុន។ យើងមិនត្រូវរង់ចាំរហូតដល់ព័ត៌មាន មិនពិតបង្កការខូចខាតរួចរាល់នោះឡើយ។ យើងត្រូវតែកសាងប្រព័ន្ធដែលអាចបង្ការ កំណត់ ផ្ទៀងផ្ទាត់ ឆ្លើយតប កែតម្រូវ អប់រំ និងពង្រឹងភាពធន់ក្នុងពេលតែមួយ។

ចំណុចសំខាន់ៗខាងលើនេះត្រូវបានលើកឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងបិទយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២) ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមមានការចូលរួមពីតំណាងស្ថានទូតចិន ស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា មកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍របស់កម្ពុជា វេទិកានេះបានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃទំនាក់ទំនងផ្លូវការដែលផ្តល់ព័ត៌មានបានទាន់ពេលវេលា គួរឱ្យទុកចិត្ត ច្បាស់លាស់ និងងាយស្រួលទទួលបាន។ នៅពេលដែលព័ត៌មានក្លែងក្លាយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ជាពិសេសក្នុងអំឡុងពេលដែលមានបញ្ហាជាតិរសើប ស្ថានភាពអាសន្ន ឬស្ថានភាពក្នុងតំបន់ សាធារណជនត្រូវការព័ត៌មានត្រឹមត្រូវពីប្រភពផ្លូវការដែលគួរឱ្យទុកចិត្ត។ យន្តការអ្នកនាំពាក្យដ៏រឹងមាំ សារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការយល់ដឹងជាសាធារណៈ និងការសម្របសម្រួលអន្តរស្ថាប័ន គឺជាកត្តាចាំបាច់ដើម្បីបង្ការនូវពាក្យចចាមអារ៉ាម ការភាន់ច្រឡំ និងការយល់ច្រឡំ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់កម្ពុជា ក៏ត្រូវបានលើកយកមកបង្ហាញផងដែរថា ជាវេទិកាជាតិដ៏សំខាន់មួយក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការយល់ដឹងជាសាធារណៈ។ យុទ្ធនាការនេះមានគោលបំណងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស សហគមន៍ជនបទ និងក្រុមងាយរងគ្រោះ ឱ្យចេះផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត។

នៅក្នុងឱកាសនៃអង្គវេទិកានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បានជំរុញឱ្យបន្តរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទិដ្ឋភាព តាមរយៈគោលនយោបាយ ការអប់រំ បច្ចេកវិទ្យា សារព័ត៌មាន ការទំនាក់ទំនងសាធារណៈ កិច្ចសហប្រតិបត្តិការជាមួយវេទិកាឌីជីថល ការចូលរួមរបស់យុវជន និងភាពជាដៃគូក្នុងតំបន់។
ជាមួយនេះ សូមឱ្យយើងរួមគ្នាកសាងតំបន់មេគង្គ–ឡានឆាងមួយ ដែលមានតែព័ត៌មានអាចជឿទុកចិត្ត ប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ អ្នកសារព័ត៌មានប្រកបដោយការ ទទួលខុសត្រូវ រដ្ឋាភិបាលដែលឆ្លើយតបបានទាន់ពេល វេទិកាឌីជីថលប្រកបដោយ គណនេយ្យភាព និងសង្គមដែលមានភាពធន់រឹងមាំ៕