រដ្ឋបាលខណ្ឌសែនសុខ ស្តារប្រឡាយប្រវែងជាង១៦០០ម៉ែត្រ ដើម្បីលំហូរទឹកពីតំបន់មួយចំនួនក្នុងខណ្ឌសែនសុខទៅកាន់ស្ថានីយ៍បូមទឹកទួលសំពៅ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌបានខិតខំស្តារប្រឡាយប្រវែងជាង១៦០០ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នាវិថីឈ្នះ ឈ្នះ ។ ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជាប្រចាំពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី២មិថុនា២០២៦។
លោកស្រីបន្តថា៖ កន្លងមករដ្ឋបាលខណ្ឌសែនសុខបានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹងថ្ងៃមុខមន្ទីពេទ្យបង្អែក សែនសុខ ប្រវែង៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង១០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង១៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ វិថីឈ្នះឈ្នះ ។

លោកស្រីអ្នកនាំពាក្យបន្ថែមទៀតថា៖ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំបពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោគជាំមកដល់ នៅផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី និង ការងារ ស្តារប្រឡាយនៅខណ្ឌ សែន សុខ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រីអ្នកនាំពាក្យសូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕