ឯកឧត្តម គីម វីរៈគាំទ្រនៃការអនុស្សរណៈនៃការយោគយល់ (MOU) រវាង (គ.ជ.គ.ម.) និង (UNFPA) ប្រចាំកម្ពុជា ផ្តោតលើ ការបញ្ចូលទស្សនៈយេនឌ័រ ការលើកកម្ពស់សុខភាពបន្តពូជ ការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងកុមារ ព្រមទាំងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងដំណាក់កាលត្រៀមបម្រុងឆ្លើយតបនិងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។

នៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ (គ.ជ.គ.ម.)បានគាំទ្រ ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MOU) រវាង(GS-NCDM) ជាមួយអង្គការ (UNFPA)នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានលោកស្រី Sandra Bernklau តំណាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា(UNFPA) និងសហការីរួមទាំងមានវត្តមានមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមផងដែរ។
គោលបំណង នៃការយោគយល់គ្នានេះ គឺផ្តល់នូវក្របខ័ណ្ឌនៃកិច្ចសហការ និង សម្របសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងគូភាគីក្នុងវិស័យដែលបម្រើប្រយោជន៍រួម។

ភាគីទាំងពីរ GS-NCDM និង UNFPA នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតភាពជាដៃគូ ការឆ្លើយតប រយៈពេលវែង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការដាក់បញ្ចូលបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងគ្រា អាសន្ន (GBVIE) ទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុង និងការស្តារឡើងវិញតាមរយៈការពង្រឹងសមត្ថភាពអ្នកផ្តល់សេវានៅថ្នាក់ជាតិ គាំទ្រ GS-NCDM ក្នុងការការរៀបចំ និងអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនានាដោយសមស្របតាម អាទិភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្តង់ដាអន្តរជាតិនានាដែលពាក់ព័ន្ធ។

 

ឯកឧត្តម គីម វីរៈ ក្នុងនាម ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Sandra Bernklau និងក្រុមការងារអង្គការ UNFPA ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមបន្តថាការចុះអនុស្សរណៈនៃការយោគយល់នាពេលនេះ គឺជាសក្ខីភាពថ្មីមួយនៃការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាននៃ គ.ជ.គ.ម. និង អង្គការ UNFPA ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្រុមប្រជាជនងាយរងគ្រោះក្នុងស្ថានភាពអាសន្ន។ឯកឧត្តម គីម វីរៈលើកឡើងថា ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា បាននិង កំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ។ ក្នុងចំណោមអ្នកដែលទទួលរងផលប៉ះពាល់ ខ្លាំងជាងគេ គឺស្ត្រី កុមារ ជនចាស់ជរា និងជនមានពិការភាព ដែលត្រូវការការយកចិត្តទុកដាក់ និងការ ការពារពិសេស។

លោកស្រី Sandra Bernklau មានប្រសាសន៏ថាភាពជាដៃគូដ៏រឹងមាំរបស់ អង្គការ UNFPA នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់របស់សហគមន៍ និងការលើកកម្ពស់ប្រព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ស្របតាមក្របខណ្ឌសេនដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។អង្គការ UNFPA តែងតែជាដៃគូអភិវឌ្ឍន៍ដ៏ល្អ និងបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ សមភាពយេនឌ័រ និងការការពារក្រុមប្រជាជនងាយរងគ្រោះ។ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរវាង UNFPA និង គ.ជ.គ.ម. នឹងផ្តោតលើ ការបញ្ចូលទស្សនៈយេនឌ័រ ការលើកកម្ពស់សុខភាពបន្តពូជ ការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងកុមារ ព្រមទាំងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងដំណាក់កាល ត្រៀមបម្រុង ឆ្លើយតប និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។