ពលរដ្ឋកេនយ៉ាចេញមកតវ៉ាលើវិធានការសាងសង់មជ្ឈមណ្ឌលចត្តាឡីស័កក្នុងប្រទេស សម្រាប់ជនជាតិអាមេរិកដែលមានជំងឺ Ebola ជំនួសឱ្យការវិលត្រលប់ចូលអាម៉េរិកវិញ
យុវជនរាប់រយនាក់នៅក្នុងទីក្រុង Nanyuki (ណាន់យូគី) ស្ថិតនៅភាគកណ្តាលប្រទេសកេនយ៉ាបានចេញមកធ្វើបាតុកម្មប្រឆាំងនឹងការបង្កើតមជ្ឈមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋអាមេរិកាំងដែលបានប៉ះពាល់ជាមួយនឹងមេរោគ Ebola នៅមូលដ្ឋានទ័ពអាកាស Laikipia (ឡៃគីពីយ៉ា)។ ក្រុមអ្នកតវ៉ាបានដើរជាក្បួនទៅកាន់ច្រកទ្វារនៃមូលដ្ឋានទ័ពអាកាស ដោយស្រែកពាក្យស្លោកប្រឆាំងនឹងអ្នកផ្ទុកមេរោគ Ebola និងដុតរបាំងនៅតាមដងផ្លូវក្បែរខាងនោះ និង បានលើកឡើងថាជនជាតិអាម៉េរិក ពិតជាអាត្មានិយមខ្លាំងណាស់។ សកម្មភាពតវ៉ានេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ាបានផ្អាកការបង្កើតមជ្ឈមណ្ឌលនេះ និងវត្តមានរបស់អ្នកជំងឺបរទេសណាមួយ ដោយរង់ចាំស្តាប់នូវសេចក្តីសម្រេចលើវិធានការដាក់ចេញដោយសមាគមច្បាប់កេនយ៉ា និងអង្គការឃ្លាំមើលរដ្ឋធម្មនុញ្ញ។ អង្គការទាំងពីរបានលើកឡើងពីប្រព័ន្ធសុខាភិបាលដ៏ផុយស្រួយរបស់ប្រទេសកេនយ៉ាថាជាហេតុផលដែលធ្វើឲ្យអ្នកជំងឺអេបូឡាបរទេសក៏មិនគួរត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងប្រទេសនេះដែរ។ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុងមានគម្រោងបញ្ជូនជនជាតិអាមេរិកដែលប៉ះពាល់នឹងមេរោគអេបូឡាពេលនៅបរទេសទៅកាន់មជ្ឈមណ្ឌលថ្មីមួយនៅក្នុងប្រទេសកេនយ៉ាជំនួសឱ្យការហោះហើររបស់ពួកគេត្រឡប់ទៅទឹកដីកំណើតវិញ។ មន្ត្រីទាំងនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកបែបនេះ ដើម្បីពិភាក្សាអំពីផែនការនៃរដ្ឋបាលរបស់ពួកគេ។ ពួកគេបាននិយាយថា មជ្ឈមណ្ឌលធ្វើចត្តាឡីស័កនេះនឹងស្ថិតនៅមូលដ្ឋានទ័ពអាកាស ឡៃគីពីយ៉ា ហើយនឹងដំណើរការជាមួយនឹងគ្រែសម្រាប់ចត្តាឡីស័កចំនួន ៥០ នៅថ្ងៃសុក្រនេះ។ ចំណែករដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានបំណងបរិច្ចាគថវិកាចំនួន ១៣,៥ លានដុល្លារអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការជំងឺអេបូឡាក្នុងប្រទេសកេនយ៉ា។ សូមរំលឹកថាប្រទេសកេនយ៉ាមិនទាន់បានកត់ត្រានូវករណីឆ្លងជំងឺអេបូឡាក្នុងស្រុកនៅឡើយនោះទេ ប៉ុន្តែប្រទេសជិតខាងមានដូចជា អ៊ូហ្គង់ដាបានរាយការណ៍ពីករណីឆ្លងថែមចំនួន ៩ ករណី និងបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសកុងហ្គោថែមទៀតផង។ រហូតមកដល់ពេលនេះមានមនុស្សស្លាប់ដោយសារជំងឺអេបូឡាចំនួន ២៨២ នាក់នៅក្នុងប្រទេសកុងហ្គោ និងករណីសង្ស័យឆ្លងលើស ១.០០០ នាក់ហើយ ចេញពីមេរោគអេបូឡាកម្រនាពេលបច្ចុប្បន្ន ដែលមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារដែលត្រូវបានអនុម័តនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



