ឯកឧត្តម ឈួរ សុបញ្ញា : សាមគ្គីភាពល្អរវាងព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋគឺជាគន្លឹះក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គម ព្រោះវត្តអារាម មិនត្រឹមជាទីសក្ការៈប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលបណ្តុះបណ្តាលអប់រំមនុស្សល្អប្រកបដោយគុណធម៌ សីលធម៌ និងចរិយាធម៌
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ១៥ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារីចម្រេីនអាយុវឌ្ឍនមង្គលប្រគេនព្រះធម្មនន្ទោ ឈៀន វីរៈ ព្រះធម្មធរ អនុគណ និងជាព្រះចៅអធិការវត្តទំពូងនិងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តទំពូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម ប្រធានថេរសភាសង្ឃ ពុទ្ធសាសនា និងឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ។ ពិធីដ៏វិសេសវិសាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសពោរពេញដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាពរវាងព្រះសង្ឃ អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាប្រគេនព្រះពរ និងអនុមោទនាក្នុងឱកាសដ៏មង្គលនេះ។
ព្រះធម្មនន្ទោ ឈៀន វីរៈ ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់ទិសទីប្រណិបត្តិថាជាព្រះថេរមួយព្រះអង្គ ដែលបដិបត្តិព្រះវិន័យខ្ជាប់ខ្ជួន មានការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវត្តអារាម និងបណ្តុះបណ្តាលសមណសិស្ស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព្រះធម៌ និងលើកកម្ពស់សីលធម៌ក្នុងសហគមន៍ ហើយសមិទ្ធផលនានាដែលបានសម្ពោធនាថ្ងៃនេះ គឺជាផលនៃសាមគ្គីភាព និងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានរួមចំណែកកសាង និងថែរក្សាវត្តអារាមឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំធម៌ និងវប្បធម៌ជាតិ។
ក្នុងឱកាសនោះ សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម បានមានថេរដីកាដ៏មានអត្ថន័យថា៖
១. “វត្តអារាមជាគ្រឹះនៃសីលធម៌សង្គម” ដោយសម្តេចបានសង្កត់ធ្ងន់ថា វត្តមិនត្រឹមជាកន្លែងបូជា ប៉ុន្តែជាសាលាបង្រៀនចិត្ត បណ្តុះមនុស្សឱ្យមានសុចរិត និងសុខសន្តិភាព។
២. “ការរួមចំណែកកសាងវត្ត គឺជាការកសាងបុណ្យ និងសង្គម”ដោយសម្តេចបានអំពាវនាវឱ្យពុទ្ធបរិស័ទបន្តគាំទ្រការអភិវឌ្ឍវត្ត ដើម្បីបន្តបេសកកម្មអប់រំ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា។
៣. “ព្រះសង្ឃត្រូវជាគំរូល្អក្នុងសង្គម” ដោយព្រះសង្ឃត្រូវរក្សាវិន័យ បន្តសិក្សា និងបថិបត្តិធម៌ ដើម្បីដឹកនាំពុទ្ធបរិស័ទឱ្យដើរតាមមាគ៌ាសុចរិត។
🙏 សូមអនុមោទនាបុណ្យ និងសូមប្រគេនព្រះពរ ព្រះធម្មនន្ទោ ឈៀន វីរៈ សូមមានព្រះសុខភាពល្អ បន្តពន្លឺព្រះធម៌ដោយដឹកនាំពុទ្ធបរិស័ទឱ្យកាន់តែចម្រើនក្នុងព្រះធម៌ជានិច្ច និងសូមឱ្យសមិទ្ធផលទាំងអស់ក្នុងវត្តទំពូង បន្តជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិជាយូរអង្វែង៕



