ឯកឧត្តម ឈិន កេតនា អញ្ជើញចុះពិនិត្យសំណង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃុំផ្សារ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកមេឃុំផ្សារ
នារសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបរិបូណ៌ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេលំ និងឃុំផ្សារ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំង សំណង់ អគារ ព្រមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការអភិវឌ្ឍ និងដោះស្រាយរាល់តម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងក្នុងមូលដ្ឋានឃុំផ្សារ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមដែលជាទីប្រឹក្សា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋាន ជាច្រើនរូបទៀត។
នៅក្នុងឱកាសចុះពិនិត្យទីតាំងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើទៅកាន់ក្រុមការងារបច្ចេកទេសសាងសង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដោយបានសង្កត់ធ្ងន់ថា៖ គ្រប់ការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ត្រូវតែដាច់ខាតធានាឱ្យបាននូវ «គុណភាពរឹងមាំយូរអង្វែង ស្របតាមស្តង់ដារបច្ចេកទេស និងមានសោភ័ណភាព» ដើម្បីបម្រើដល់ផលប្រយោជន៍ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយូរអង្វែង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង ថែទាំទ្រព្យសម្បត្តិនៅក្នុងមូលដ្ឋានទាំងនេះ និងត្រូវបន្តតាមដាន ស្តាប់រាល់តម្រូវការ ក៏ដូចជាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយ និងអភិវឌ្ឍន៍ភូមិ-ឃុំ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងដំណើរអញ្ជើញចុះពិនិត្យទីតាំង សំណង់ អគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃុំផ្សារ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានផ្ដល់ថវិកាឧបត្ថម្ភ និងអំណោយដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ ក្រុមជាងបច្ចេកទេស , ប្រជាការពារ, កងកម្លាំងការពារ , អាជ្ញាធរក្នុងមូលដ្ឋាន ថវិកាចំនួន ៥,០០០,០០០ រៀល ។
បន្ទាប់ពីបានបញ្ចប់សកម្មភាពចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា និងក្រុមការងារ បានអញ្ជើញបន្តដំណើរគោរពវិញ្ញាណក្ខន្ធសព លោក ប៊ិន សុផាន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំផ្សារ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ២០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
នៅក្នុងទិដ្ឋភាពប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ និងក្តីសង្វេកជាពន់ពេកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញអុជធូប និងសម្តែងការគោរពយ៉ាងស្មោះស្ម័គ្រចំពោះវិញ្ញាណក្ខន្ធសព ដើម្បីជាការសម្តែងនូវការដឹងគុណ និងអាឡោះអាល័យជាទីបំផុត។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវសារលិខិតចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកស្រី តៅ អេង ត្រូវជាភរិយា ព្រមទាំងកូនៗ និងក្រុមគ្រួសារនៃសពទាំងអស់។
នៅក្នុងសារលិខិតរំលែកទុក្ខនោះ ឯកឧត្តម ឈិន កេតនា បានគូសបញ្ជាក់ថា មរណភាពរបស់ លោក ប៊ិន សុផាន ដែលជាប្រធានក្រុមប្រឹក្សាឃុំ មេឃុំផ្សារ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ និងជាបង្អែកដ៏កក់ក្តៅបំផុតនៅក្នុងគ្រួសារ។
ជាងនេះទៅទៀត សម្រាប់រចនាសម្ព័ន្ធដឹកនាំ មរណភាពរបស់លោកមេឃុំនាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃ និងជាសហការីដ៏ល្អឆ្នើមមួយរូប ដែលកន្លងមកធ្លាប់បានចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិខ្ពស់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជននៅក្នុងមូលដ្ឋានឃុំផ្សារ ឱ្យទទួលបានការរីកចម្រើន។
នៅក្នុងសារលិខិតបានសង្កត់ធ្ងន់ថា ទោះបីជារូបកាយរបស់ លោក ប៊ិន សុផាន បានលាចាកទៅដោយគ្មានថ្ងៃវិលត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែគុណបំណាច់ ស្នាដៃ និងគំរូវីរភាពក្នុងការបម្រើជាតិ និងប្រជាជនរបស់លោក នឹងនៅតែស្ថិតជាប់ជានិច្ចក្នុងអារម្មណ៍ និងការចងចាំរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារទាំងអស់គ្នាជារៀងរហូត។ ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារទាំងអស់ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ប៊ិន សុផាន សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។



