ភាគខាងត្បូងប្រទេសជប៉ុនរួមមានទាំងទីក្រុងតូក្យូដែរ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរឆ្លងកាត់របស់ខ្យល់ព្យុះទីហ្វុងឈ្មោះ Jangmi
តំបន់ភាគខាងត្បូងនៃកោះ Okinawa របស់ប្រទេសជប៉ុនកំពុងត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃចន្ទនេះ ដើម្បីទប់ទល់នឹងខ្យល់ព្យុះទីហ្វុង Jangmi ដែលនឹងមកដល់ និងត្រូវបានគេរំពឹងថាវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះទីហ្វុងនេះនឹងខិតជិតដល់កោះ Okinawa នៅថ្ងៃចន្ទនេះជាមួយនឹងអាំងតង់ស៊ីតេកម្រិតខ្លាំង ហើយបន្ទាប់មកវាផ្លាស់ទីឆ្ពោះទៅកាន់តំបន់ Amami នៅថ្ងៃបន្ទាប់ មុនពេលវាផ្លាស់ទីបន្តទៅទិសខាងកើតដែរ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតឡើងនៅថ្ងៃពុធសប្តាហ៍នេះនៅក្នុងតំបន់ Kanto ដែលរួមមានទីក្រុងតូក្យូ ថែមទៀតផង។ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ជប៉ុនបានលុបចោលជើងហោះហើរមួយចំនួនដែលបានគ្រោងទុកទាំងទៅ និងមកពីកោះ Okinawa ក្នុងរយៈពេល២ថ្ងៃខាងមុខទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ



