ក្រសួងសង្គមកិច្ច ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៧ឆ្នាំ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រិះនៃការគោរព និងសិទ្ធការពារសិទ្ធិកុមារ» និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អង្គការយូនីសេហ្វប្រចាំកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនផងដែរ។
ឯកឧត្តម ជា សុមេធី មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្រសួងសង្គមកិច្ច តែងតែប្រារព្ធទិវានេះឡើង គឺដើម្បីបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងលើកទឹកចិត្ត ឱ្យមានស្មារតីរួមគ្នា បន្តលើកកម្ពស់វិស័យសុខុមាលភាពកុមារ ឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឧត្តម ប្រយោជន៍កុមារគ្រប់រូប ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនិងកុមារ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយអត្រាមរណភាពរបស់មាតាទារកនិងកុមារ។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាល បានបង្កឱកាសដល់កុមារគ្រប់រូប ទទួលបានការសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា ប្រកបដោយសមធម៌ ជាពិសេស ក្នុងកម្រិតសិក្សាអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំព្រមទាំងបានដាក់បញ្ចូលកម្មវិធីសិក្សា បច្ចេកវិទ្យាព័ត៌មានវិទ្យា ទៅក្នុងកម្មវិធីសិក្សា និងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តស្របទៅតាមបរិបទនៃសកលភាវូបនីយកម្ម។ ជាពិសេស រាជរដ្ឋាភិបាល បាននឹងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម ដោយបានដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាពសមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងធ្វើការផ្លាស់ប្តូរវិធីសាស្ត្រនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសហសណ្ឋាន ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នឹងការផ្តល់កិច្ចគាំពារទៅតាមហានិភ័យនៃវដ្តជីវិត។
ឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងស្បៀងអាហារ សម្ភារៈ និងថវិកា សម្រាប់ជួយដល់ជនភៀសសឹក និងវីរៈកងទ័ព វីរៈនគរបាលជាតិ ដែលនេះជាកំលាំងសាមគ្គីក្នុងមហាគ្រួសារខ្មែរ ដើម្បីប្រជាជាតិខ្មែរ និងបូរណភាពទឹកដីរបស់យើង។
ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់កុមារា កុមារីសិស្សានុសិស្ស យុវជន យុវតី ត្រូវខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង សមត្ថភាពរបស់ខ្លួន ចេះគោរពវិន័យ និងចូលរួមក្នុងសកម្មភាពអប់រំផ្សេងៗ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម និងត្រូវជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះវាបង្កផលប៉ះពាល់ដល់សុខភាព ការសិក្សា ផ្លូវចិត្ត ឈានទៅដល់ការប្រើអំពើហឹង្សា និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។



