ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនត្រឹមតែ បង្ក្រាបគ្រឿងញៀនប៉ុណ្ណោះទេ តែការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ក៏ជារឿងសំខាន់ដែរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនត្រឹមតែ បង្ក្រាបគ្រឿងញៀនទេ ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ក៏ជារឿងសំខាន់ដែរ ព្រោះក្រុមឧក្រិដ្ឋជនគ្រឿងញៀនេះ ទទួលផលពីបទល្មើស ក្នុងទំហំធំ ពេលខ្លះ ប្រព្រឹត្តបទល្មើសម្ដងៗ អាចចាយវាយបានពេញ ១ជីវិត ហេតុនេះមន្រ្តីពាក់ព័ន្ធទាំងអស់ មិនត្រូវឲ្យក្រុមឧក្រិដ្ឋជន ទទួលបានប្រយោជន៍ពី ការជួញដូរគ្រឿងញៀន នេះឡើយ។
ការគូសបញ្ជាក់បែបនេះធ្វើឡើងបន្ទាបន់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងកានគរបាលជាតិ ក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របសមន្ទីរបទល្មើសប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ​ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ ទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ និងមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនរូប។
នៅក្នុងកិច្ចនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ផ្តោតសំខាន់លើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀននិងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ ខណៈក្រុមមឧក្រិដ្ឋជនគ្រឿងញៀ មានល្បិចកលថ្មីៗ ប្លែកៗជារៀងរាល់ថ្ងៃ ដូច្នេះមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។
បន្ថែមពីលើនេះ ឯកឧត្ដមនាយកមន្ទីរ ក៏បានណែនាំមន្រ្តីនៃមន្ទីប្រឆាំងបទល្មើសគ្រឿង ត្រូវបន្តការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការបង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋានដូចជា ក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន សំដៅលុបបំបាត់តំបន់ចែកចាយគ្រឿងញៀន។
ព្រមជាមួយជាគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានក្រើនរំលឹក មន្រ្តីទាំងអស់ ត្រូវបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ៕