ដំណើរការកែកិច្ចការបេក្ខជនមន្ត្រីរាជការជាង ៤ពាន់នាក់ សម្រាប់៣ក្រសួងស្ថាប័ន ចាប់ផ្តើមហើយប្រកបដោយតម្លាភាពខ្ពស់
ដើម្បីធានាឱ្យបាននូវគោលការណ៍ «អ្នកចេះជាប់» ប្រកបដោយសុក្រឹតភាព និងផ្តល់ទំនុកចិត្តខ្ពស់បំផុត ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនជាង ៤,២០០ នាក់ ត្រូវបានបើកកញ្ចប់វិញ្ញាសា និងអនុវត្តនីតិវិធីកាត់ក្បាលសន្លឹកកិច្ចការហើយ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង៣ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ (១)ក្រសួងយុត្តិធម៌ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង (៣)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំបើកសន្លឹកកិច្ចការដោយផ្ទាល់ ជាមួយការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រាល់សន្លឹកកិច្ចការទាំងអស់ត្រូវបានរក្សាទុកក្នុងសុវត្ថិភាពខ្ពស់បំផុតចាប់តាំងពីបញ្ចប់ការប្រឡង។
អ្វីដែលជាចំណុចពិសេសនៃរបៀបវារៈកំណែនេះ គឺការបង្កើតប្រព័ន្ធត្រួតពិនិត្យចម្រុះ ដែលមានការចូលរួមដឹងឮ និងឃ្លាំមើលជាប្រចាំពី៖
១. អង្គភាពប្រឆាំងអំពើពុករលួយ (ACU)
២. អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ
៣. អ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត
រាល់នីតិវិធីបច្ចេកទេស ទាំងការកាត់ក្បាលសន្លឹកកិច្ចការ និងការចុះលេខសម្ងាត់ ត្រូវបានធ្វើឡើងចំពោះមុខគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាគ្មានការលូកដៃ ឬភាពមិនប្រក្រតីណាមួយអាចកើតឡើងបានឡើយ មុននឹងស្វែងរកឃើញបេក្ខជនខ្លាំងពិតប្រាកដចំនួន ១៣៧នាក់ ទៅបំពេញការងារក្នុងស្ថាប័នទាំង៣។



