លោកប្រធានាធិបតីបារាំង Emmanuel Macron ទទួលស្វាគមន៍ក្រុមកីឡាករបាល់ទាត់ PSG ដែលបានយកឈ្នះលើក្រុម Arsenal! បន្ទាប់ពីប៉ូលីសឃុំខ្លួនអ្នកគាំទ្រទំនើងជា៧៨០នាក់
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញអបអរសាទរដល់ក្រុម Paris Saint-Germain ឬ PSG នៅឯវិមាន Elysee (អេលីស្សេ) ក្នុងរដ្ឋធានីបារាំងកាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីពួកគេបានយកជ័យជម្នះជាលើកទីពីរដល់ប្រទេសនេះ។ លោក Macron បាននិយាយថា “ក្រុមអ្នកពិតជាធ្វើឱ្យយើងរំភើបរហូតដល់វិនាទីចុងក្រោយខ្លាំងណាស់”។ “ខណៈដែលឆ្នាំមុនៗវាជារឿងធម្មតា សម្រាប់ការប្រកួតបែបនេះ ប៉ុន្តែលើកនេះអ្នកបានព្យាយាមធ្វើវា ហើយយើងទាំងអស់គ្នាពិតជារំភើបជាមួយនឹងក្រុមអ្នកលើសពីរយៈពេល ១២០នាទីទៅទៀត រហូតដល់វិនាទីចុងក្រោយនៃការទាត់បាល់ពិន័យ ឬ ប៉េណាល់ទីទាំងនោះ ប៉ុន្តែក្រុមរបស់យើងពិតជាអស្ចារ្យខ្លាំងណាស់។ មានអ្នកគាំទ្ររហូតដល់ជិត១០ម៉ឺននាក់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ត្រៀមចាំទទួលក្រុមកីឡាករមកដល់ ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការសន្តិសុខយ៉ាងខ្ពស់ដែរ។ ក្នុងដំណើរត្រឡប់មកពីទីក្រុង Budapest យឺតៗ កីឡាករ PSG ដែលដឹកនាំដោយប្រធានក្រុម Marquinhos គ្រូបង្វឹក Luis Enrique និងប្រធានក្លឹប Nasser Al-Khelaifi ត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សដែលស្រែកហ៊ោកញ្ជ្រៀវ ខណៈដែលភ្លេងជាតិរបស់ក្លឹបបានបន្លឺឡើងពីឧបករណ៍បំពងសម្លេងធំៗ។ កីឡាករបានប្តូរវេនគ្នាលើកពានរង្វាន់ជ័យជម្នះរបស់ពួកគេឡើងលើម្តងម្នាក់ៗ ដោយរីករាយនឹងការស្វាគមន៍វីរបុរសរបស់ពួកគេ គឺលោកប្រធានាធិបតីត្រឡប់មកកាន់ផ្ទះវិញ ហើយពួកគេក៏នឹងត្រៀមខ្លួនចូលរួមប្រកួត FIFA World Cup ២០២៦ នៅសហរដ្ឋអាម៉េរិកដែរ។ សូមបញ្ជាក់ថាមុនកម្មវិធីជួបជុំនេះចាប់ផ្តើមក៏មានហ្វូងអ្នកគាំទ្រយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅជិតប៉ម Eiffel ដែរ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុម PSG តែចៃដន្យអីក៏មានប៉ះទទង្គិចគ្នា ខ្លះដុតបំផ្លាញរបស់របរដោយហិង្សាពេញមួយយប់នៅទូទាំងប្រទេសបារាំង និងនាំឱ្យប៉ូលីសចាប់ខ្លួនមនុស្សរាប់រយនាក់ជាអ្នកគាំទ្រតែម្តង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nuñez បាននិយាយថា មនុស្សចំនួន៧៨០នាក់ត្រូវបានគេចាប់ឃុំខ្លួននៅទីក្រុងប៉ារីស និងទីក្រុងដទៃទៀត និងមន្ត្រី ៥៧នាក់បានរងរបួស ដែលភាគច្រើនរងរបួសស្រាលទេ ខណៈដែលអ្នកគាំទ្របាល់ទាត់ជាហ្វេន ដែលមានភាពច្រង៉េងច្រង៉ាងបានដុតភ្លើង និងបំផ្លាញហាងទំនិញនានាពេញមួយយប់។ អ្នកគាំទ្របានចាប់ផ្តើមអបអរសាទរនៅទូទាំងទីក្រុងប៉ារីសបន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយនៅយប់ថ្ងៃសៅរ៍ពីការប្រកួតនៅទីក្រុង Budapest ប្រទេសហុងគ្រី ជាកន្លែងដែលក្រុម PSG បានគ្រងមកុដជាជើងឯក Champions League មកវិញបន្ទាប់ពីយកឈ្នះក្រុម Arsenal ក្នុងទាត់បាល់ពិន័យដ៏អស្ចារ្យ។ អ្នកគាំទ្របានដើរជាក្បួនតាមដងផ្លូវក្បែរវិមាន Arc de Triomphe ក្នុងទីក្រុងប៉ារីស ដោយអ្នកខ្លះបានដុតភ្លើង និងបញ្ចេញស៊ីផ្លេរថយន្តយ៉ាងទ្រហឹងអឹងកង។ មនុស្សប្រហែលជា២ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅលើវិថី Champs-Elysees ជាកន្លែងដែលប៉ូលីសបានធ្វើការដើម្បីទប់ស្កាត់ហ្វូងមនុស្សដែលទំនើងប្រើប្រាស់ហឹង្សា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



