ជនភៀសខ្លួនអាហ្វហ្គានីស្ថាន២២នាក់ស្លាប់ ៣៦នាក់របួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តអំឡុងពេលនៃវិធានបញ្ជូនជនអន្តោប្រវេសន៍ចេញពីប្រទេសប៉ាគីស្ថាន

មន្ត្រីបាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿងដែលដឹកជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលវិលត្រឡប់មកពីប្រទេសជិតខាងប៉ាគីស្ថានវិញ បានក្រឡាប់នៅលើផ្លូវហាយវេមួយនាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្ស២២ នាក់ និងរបួសប្រហែល ៣៦ នាក់ផ្សេងទៀត ដែលភាគច្រើនជាស្ត្រី និងកុមារ។ លោក Abdul Malik Niazai អ្នកនាំពាក្យរបស់អភិបាលខេត្តបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅខេត្ត Laghman នៅលើផ្លូវហាយវេដ៏សំខាន់មួយដែលភ្ជាប់ទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន ជាមួយខេត្ត Nangarhar។ លោកបាននិយាយថា ក្នុងចំណោមអ្នកស្លាប់នោះមានកុមារ ១០ នាក់ និងស្ត្រី ៥ នាក់ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Nangarhar។ អ្នករស់រានមានជីវិតម្នាក់ឈ្មោះ Gula Jan បាននិយាយថា ហេតុការណ៍នេះកើតឡើងប្រហែលជាម៉ោង ៥ ឬ ៦ ព្រឹក នៅពេលដែលរថយន្តបានឆ្លងកាត់ស្ពាន Sorkhkano។ លោកបានបញ្ជាក់ទៀតថា លោកជឿជាក់ថាពេលនោះគឺអាចអ្នកបើកបរងងុយដេក មុនពេលរថយន្តបានធ្លាក់ចេញពីច្រាំងទន្លេខ្ពស់មួយ ហើយបានបុកគ្នាតែម្តង ដែលធ្វើឱ្យអ្នកដំណើរជាប់នៅក្រោម។ នាយកសុខភាពសាធារណៈខេត្ត Aminullah Sharif បាននិយាយថា មនុស្ស ២២ នាក់បានស្លាប់ និងរបួសប្រហែល ៣៦ នាក់។ លោក Sharif បាននិយាយថាភ្លាមៗ គ្រូពេទ្យ «ក៏បានមកដល់ទាន់ពេលវេលា» ហើយអ្នករបួសត្រូវគេផ្តល់ថ្នាំលាប និងខ្លះត្រូវសង្គ្រោះបន្ទាន់ និងការវះកាត់នៅហ្នឹងកន្លែងតាមការចាំបាច់។ អ្នកដំណើរទាំងនោះស្ថិតក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលទើបតែត្រឡប់មកពីប្រទេសប៉ាគីស្ថាន ដែលជាការចាប់ផ្តើមលើវិធានការបង្ក្រាបលើជនអន្តោប្រវេសន៍នៅឆ្នាំ ២០២៣ ហើយចាប់តាំងពីពេលនោះមក ប៉ាគីស្ថានបាននិរទេស ឬដាក់សម្ពាធលើមនុស្សជាច្រើនឱ្យចាកចេញជាបន្តបន្ទាប់ដែរ។ ប្រទេសអ៊ីរ៉ង់ក៏បានបង្កើនវិធានការបណ្តេញជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានចេញពីប្រទេសរបស់ពួកគេក្នុងពេលតែមួយដែរ។ ចាប់តាំងពីពេលនោះមក ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់បានវិលត្រឡប់មកផ្ទះវិញ ពីប្រទេសទាំងពីរនេះ រួមទាំងមនុស្សជាច្រើននាក់ដែលចាប់កំណើតនៅប្រទេសប៉ាគីស្ថាន និងធ្លាប់បានចំណាយពេលរាប់ទសវត្សរ៍រស់នៅ និងធ្វើការនៅទីនោះ ក៏ត្រូវបញ្ជូនមកវិញដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ