សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ នាំអំណោយ និងអាហារ ឧបត្ថម្ភដល់ជនអនាថា ៨៥នាក់ នៅមណ្ឌលបណ្តោះអាសន្ន

ខេត្តព្រះសីហនុ៖ លោកស្រី ឈុន ដារី អភិបាលរងក្រុងជាអនុអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិកសមាគម នាំយកអាហារ ភេសជ្ជៈ ផ្លែឈើ និងនំចំណី ទៅឧបត្ថម្ភដល់ជនអនាថា និងជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្ន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ។

លោកស្រី ឈុន ដារី បានឱ្យដឹងថា អំណោយទាំងនេះជាការចូលរួមរបស់សមាជិក សមាជិកា និងសប្បុរសជននានា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើការងារមនុស្សធម៌ និងការជួយសម្រាលជីវភាពរស់នៅរបស់ជនងាយរង គ្រោះ។ អំណោយដែលបាននាំយកមករួម មាន បាយ បង្គាស្រុះ ផ្លែសាវម៉ាវ ទឹកសុទ្ធ និងនំចំណីផ្សេងៗទៀត។

លោកស្រីបានបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាគម ដែលបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍សង្គម។ ជាមួយគ្នានេះ សមាគមនឹងបន្តពង្រីកសកម្មភាពមនុស្សធម៌បន្ថែមទៀត សម្រាប់ជនអនាថា កុមារកំព្រា និងចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបាននាំយកគ្រឿងឧបភោគបរិភោគមកចែកជូនដល់ជនអនាថា ដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្ន។

លោកបានឱ្យដឹងថា បច្ចុប្បន្ន មណ្ឌលបណ្តោះអាសន្ននេះកំពុងទទួលថែទាំជនអនាថាចំនួន ៨៥នាក់ ក្នុងនោះស្ត្រី ២១នាក់ និងកុមារ ១៤នាក់ (ស្រី ៧នាក់)។ មណ្ឌលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ជនអនាថាទាំងនេះ ត្រូវបានក្រុមការងារចម្រុះរបស់ខេត្តព្រះសីហនុ ប្រមូលពីទីសាធារណៈ និងតំបន់ឆ្នេរនានា យកមកស្នាក់នៅ និងទទួលការអប់រំថែទាំជាបណ្តោះអាសន្ន ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសង្គមនៅក្នុងក្រុងព្រះសីហនុ៕