ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ចែកក្តីស្រឡាញ់ និងអំណោយដល់កុមារជិត ៣០០នាក់ ជាកូនៗរបស់មន្ត្រីក្រសួងព័ត៌មាន,

ភ្នំពេញ៖ ក្នុងបរិយាកាសពោរពេញដោយភាពសប្បាយរីករាយ ស្នាមញញឹម និងក្តីស្រឡាញ់ចំពោះកុមារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ដោយបានចែកអំណោយជាទឹកដោះគោ និងទឹកសណ្តែក (យ៉ូស) ជូនដល់កូនៗរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មានប្រមាណជិត ៣០០នាក់។

ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នាបរិវេណក្រសួងព័ត៌មាន ក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព ការអភិវឌ្ឍ និងអនាគតរបស់កុមារ ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាជួបជុំគ្នានាថ្ងៃនេះ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាង ភាពធន់និងការងារសមរម្យ» ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រ ដល់កុមាររងគ្រោះនិងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានសម្តែងនូវក្តីស្រឡាញ់ និងការជូនពរដល់កុមារទាំងអស់ឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ខិតខំរៀនសូត្រ និងក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃការថែទាំ អប់រំ និងការផ្តល់ឱកាសដល់កុមារ ដើម្បីឱ្យពួកគេទទួលបានការអភិវឌ្ឍពេញលេញទាំងផ្នែករាងកាយ បញ្ញា និងស្មារតី។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះការគាំទ្រពីក្រុមហ៊ុន YHS Cambodia (យ៉ូស) ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន ដោយបាននាំយកនូវទឹកដោះគោមកចែកជូនដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន។

ឯកឧត្តមបានចាត់ទុកសកម្មភាពនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់ក្រសួងព័ត៌មាន សប្បុរសជននានា ចំពោះកុមារា កុមារី និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែង សិក្សារៀនសូត្រឱ្យបានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។

លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia (យ៉ូស) បញ្ជាក់ពីការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គម ដើម្បីឲ្យកុមារបានទទួលអាហារូប្ថម្ភត្រឹមត្រូវ យល់ដឹងពី ភេសជ្ជៈដែលមានជាតិស្ករទាប សម្រាប់សុខភាព។

លោកស្រីអគ្គនាយិកា បានជម្រាបជូនថា យ៉ូស ជាភេសជ្ជៈទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យលក់ក្នុងសាលារៀន ដោយសារមានជាតិស្ករទាប។ យ៉ូស នៅបន្តជានិច្ចដើម្បីចូលរួមចំណែកមួយនេះនឹងឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងសង្គមជាតិ។

ដូច្នេះតាមរយៈសកម្មភាពចែកអំណោយនាឱកាសទិវាកុមារអន្តរជាតិនេះ បានបង្កើតឱ្យមានភាពកក់ក្តៅ និងស្នាមញញឹមរីករាយដល់កុមារ និងអាណាព្យាបាលជាច្រើន ខណៈដែលកុមារទទួលបានអំណោយប្រកបដោយក្តីរីករាយ និងអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់។

ការរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅក្រសួងព័ត៌មាន មិនត្រឹមតែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរួមចំណែកលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស និងអនាគតដ៏រឹងមាំសម្រាប់កម្ពុជា៕