ថវិកាចំនួន ៣០លានរៀលដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ត្រូវបានឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម វីរនគរបាលបង្ក្រាបគ្រឿងញៀន
កាលពីព្រឹកថ្ងៃថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដឹកនាំប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ៣០លានរៀល ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប គឺលោក អនុសេនីយ៍ឯក ធាង ឧត្តម ដែលរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បន្ទាប់ពីបានសម្រាកព្យាបាលរបួសនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេលជាង ១ខែកន្លងមក ពេលនេះលោក អនុសេនីយ៍ឯក ធាង ឧត្តម បានវិលត្រឡប់មកកាន់លំនៅដ្ឋានវិញហើយ ដែលឋិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាឱកាសនៃការចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកនូវបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោក ធាង ឧត្តម និងក្រុមគ្រួសារ។ ឯកឧត្តមនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា៖ «វត្តមានរបស់គណៈប្រតិភូនាពេលនេះ មិនត្រឹមតែជាការនាំយកនូវថវិកាឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ថ្នាក់ដឹកនាំនគរបាលជាតិ មិនបោះបង់មន្ត្រីរបស់ខ្លួនចោលក្នុងគ្រាមានការលំបាកឡើយ»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងការហ៊ានលះបង់សាច់ស្រស់ឈាមស្រស់របស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលមិនរុញរាប្រឈមមុខនឹងឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការព្យាបាលជាបន្តបន្ទាប់ គណៈប្រតិភូបានប្រគល់ថវិកាឧបត្ថម្ភចំនួន ៣០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ។ លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារបានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់ទីកន្លែងដោយមិនបោះបង់អោយរូបលោកនៅឯកោ និងបានជួយទំនុបបំរុងលើការស្នាក់នៅសម្រាកព្យាលរបួសតាំងពីប្រទេសវៀតណាមនាពេលកន្លងមក រហូតដល់រូបលោកមានសុខភាពប្រសើរជាបន្តបន្ទាប់និងអាចវិលមកកាន់មាតុប្រទេសវិញ។ នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូទាំងអស់ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍។
សូមជម្រាបជូនថា លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បើទោះបីជាបច្ចុប្បន្ន ស្ថានភាពសុខភាពទូទៅរបស់លោកអនុសេនីយ៍ឯក ធាង ឧត្តម មានសភាពប្រសើរឡើង និងស្តារឡើងវិញជាបណ្តើរៗយ៉ាងណាក្តី ប៉ុន្តែដោយសារឥទ្ធិពលនៃរបួសធ្ងន់ធ្ងរក្នុងសមរភូមិបង្ក្រាបនោះ បានបន្សល់ទុកនូវពិការភាពរាងកាយ ដែលតម្រូវឱ្យរូបលោកត្រូវរស់នៅ និងធ្វើការផ្លាស់ទីនៅលើរទេះរុញជាប្រចាំ។ ទោះជាយ៉ាងណា ពិការភាពរាងកាយនេះ មិនបានធ្វើឱ្យបាក់ទឹកចិត្ត ឬថយចុះនូវស្មារតីវីរភាពរបស់វីរនគរបាលរូបនេះឡើយ ខណៈដែលថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជួយជ្រោមជ្រែង គិតគូរពីជីវភាព និងការបន្តព្យាបាលរបស់លោកទៅថ្ងៃអនាគតជាដាច់ខាត។



