ឯកឧត្តម ឈួរ សុបញ្ញា : កីឡា មិនត្រឹមជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាវេទិកាដែលបង្ហាញពីសន្តិភាព វិន័យ អរិយធម៌ និងអត្តសញ្ញាណជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញ អនុប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា តំណាង ឯកឧត្តម អ៊ូ រតនា ប្រធានប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជាបានអញ្ជើញចូលរួមពិធីទទួលការឧបត្ថម្ភផលិតផល និងថវិកាមួយចំនួនពី ក្រុមហ៊ុន មីដាស ដើម្បីគាំទ្រដល់ដំណើរការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលគ្រោងនឹងប្រារព្ធឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តមមានប្រសាសន៍ថា ការឧបត្ថម្ភនេះ គឺជាការបង្ហាញពីសាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកស្ទួយវិស័យកីឡាជាតិនិងបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ កីឡា មិនត្រឹមជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាវេទិកាដែលបង្ហាញពីសន្តិភាព វិន័យ អរិយធម៌ និងអត្តសញ្ញាណជាតិ។ការឧបត្ថម្ភពីក្រុមហ៊ុន មីដាស ជាផ្នែកមួយជំរុញកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមអាស៊ីលើកទី៦ ដោយមោទនភាពជាតិ និងស្មារតីរួមគ្នា។សកម្មភាពឧបត្ថម្ភរបស់ ក្រុមហ៊ុន មីដាស មិនត្រឹមជាការគាំទ្រផ្នែកសម្ភារៈនោះទេ ប៉ុន្តែជាការចូលរួមក្នុងបេសកកម្មជាតិ ដើម្បីលើកស្ទួយកម្ពុជាឱ្យឈានទៅមុខដោយមោទនភាព។
ឯកឧត្តមបានបន្តទៀតថា ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីលើកនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសមត្ថភាពរៀបចំ សន្តិភាពសង្គម និងភាពរីកចម្រើនជាតិ។ ជាពិសេស វាជាវេទិកាដែលអាចបង្ហាញសក្តានុពលយុវជនខ្មែរ និងលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងវិស័យកីឡា និងការអភិវឌ្ឍខ្លួនឯង។ ក្នុងឱកាសនេះផងដែរ ក្នុងនាមជាផ្នែកមួយនៃក្រុមការងាររៀបចំការប្រកួត និងក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធវ៉ូវីណាមកម្ពុជា ឯកឧត្តម បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍នេះទទួលបានជោគជ័យខ្ពស់៖
១. ពង្រឹងការសហការរវាងរដ្ឋ និងវិស័យឯកជនដោយការអភិវឌ្ឍវិស័យកីឡា និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីបង្កើនធនធាន និងប្រសិទ្ធភាព។
២. លើកកម្ពស់ស្មារតីជាតិ និងវិន័យរបស់កីឡាករ ដោយកីឡាករខ្មែរ ត្រូវមានទាំងជំនាញ និងសីលធម៌ ដើម្បីតំណាងជាតិដោយកិត្តិយស និងមោទនភាព។
៣. ពង្រឹងគុណភាពរៀបចំឱ្យឈានដល់ស្តង់ដារអន្តរជាតិដោយការរៀបចំត្រូវមានវិជ្ជាជីវៈ ប្រកបដោយតម្លាភាព និងគោរពតាមបទដ្ឋានអន្តរជាតិ ដើម្បីទាក់ទាញការទុកចិត្តពីភ្ញៀវជាតិ និងអន្តរជាតិ។
៤. ប្រើប្រាស់ព្រឹត្តិការណ៍ជាវេទិកាផ្សព្វផ្សាយជាតិ ដែលឱកាសនេះគួរត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក។
“រួមគ្នាធ្វើថ្ងៃនេះ ដើម្បីមោទនភាពជាតិថ្ងៃស្អែក”សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន មីដាស និងសូមអំពាវនាវឱ្យស្ថាប័ន និងសប្បុរសជនផ្សេងៗ បន្តចូលរួមគាំទ្រដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាជោគជ័យដ៏សម្រាប់ប្រទេសកម្ពុជាទាំងមូល៕



