ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា កុមារដែលមានចំណេះដឹង និងគុណធម៌ល្អ នឹងក្លាយទៅជាខែលការពារជាតិដ៏រឹងមាំបំផុត, កុមារគឺជាអនាគតនៃជាតិ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានសន្តិភាព ស្ថិរភាព និងចីរភាព

ឯកឧត្តម បានថ្លែងបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលនៅតែមានការប្រឈម និងភាពមិនប្រាកដប្រជា ការបណ្តុះកុមារឲ្យមានចំណេះដឹង មានវិន័យ មានសីលធម៌ និងមានស្មារតីរួបរួមសាមគ្គី គឺជាការវិនិយោគដ៏សំខាន់សម្រាប់ថ្ងៃអនាគត។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជសអធិបតីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦
ក្រោមប្រធានបទ៖ “កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ” នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កុមារគឺជាអនាគតនៃជាតិ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានសន្តិភាព ស្ថិរភាព និងចីរភាព។ តាមរយៈការរៀបចំមហោស្រពនេះ ដែលមិនត្រឹមតែជាវេទិកាបង្ហាញទេពកោសល្យរបស់កុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះគំនិត ដល់កុមារជំនាន់ក្រោយឲ្យមានសីលធម៌រស់នៅល្អ និងមានស្មារតីស្នេហាជាតិ។

ដូច្នេះសូមក្មួយៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន និងរក្សាទុកនិងពង្រីកទេពកោសល្យនេះឲ្យកាន់តែរីកចម្រើនធំធាត់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះការតាក់តែងនិពន្ធបទចម្រៀងដែលមានចំណងជើងថា «សោកនាដកម្មប្រាសាទព្រះវិហារ» សម្រាប់ច្រៀងរួមគ្នា ដែលបានបង្ហាញឲ្យកុមារយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ បណ្តុះកុមារឲ្យមានស្មារតីស្នេហាជាតិ និងក្លាហានការការពារបេតិកភណ្ឌជាតិ។ នេះបង្ហាញថា សិល្បៈអាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការបញ្ជូនសារនិងអប់រំសង្គមជាតិ ជាពិសេសចំពោះកុមារ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បេក្ខភាពទាំង៥ក្រុម បានឈានចូលមកប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជ័យលាភីលេខ១ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េដង្កោក្រុម១ , ជ័យលាភីលេខ២ បានទៅលើក្រុមមកពីសាលាបឋមសិក្សាមីគីវ៉េពោធិ៍សែនជ័យ, ជ័យលាភីលេខ ៣ បានទៅលើក្រុមមកពីសាលាបឋមសិក្សាវត្តរាជបូណ៏ក្រុម២, លេខ៤ ក្រុមមកពីសាលាដុនបស្កូក្រុម ១ និងលេខ៥ បានទៅលើសាលាបឋមសិក្សាចតុមុខក្រុម ៣៕