ការងារជួយសង្រ្គោះអ្នកភូមិឡាវដែលជាប់គាំងក្នុងរូងភ្នំលិចទឹកនៅតែបន្ត! ដោយរកឃើញមនុស្ស៥នាក់ និងបាត់ខ្លួន២នាក់ ក្រោយពីជាប់គាំងជាង១សប្តាហ៍  

អ្នកភូមិ ៥ នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹកមួយនៅកណ្តាលប្រទេសឡាវកាលពីជាងមួយសប្តាហ៍មុន ត្រូវបានគេរកឃើញហើយ ដោយនៅរស់រានមានជីវិត។ អ្នកជ្រមុជទឹក ដែលបានរកឃើញពួកគេគឺក្នុងសភាពអង្គុយលើផ្ទាំងថ្មមួយក្នុងទីងងឹត នេះបើយោងតាមអ្នកជួយសង្គ្រោះ ប៉ុន្តែមនុស្ស២នាក់ទៀតនៅតែបាត់ខ្លួន។ កន្លងទៅអ្នកភូមិទាំង ៧ នាក់បានចូលទៅក្នុងរូងភ្នំនៅខេត្ត Xaisomboun កាលពីថ្ងៃទី ១៩ ខែឧសភា ប៉ុន្តែភ្លាមៗនោះមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ភ្លាមៗដែលបិទច្រកចេញ នេះបើយោងតាមក្រុមជួយសង្គ្រោះឡាវ និងប្រទេសថៃដែលចូលរួមក្នុងប្រតិបត្តិការសង្រ្គោះ។ អ្នកភូមិទាំងអស់សុទ្ធតែជាបុរស នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រុមជួយសង្គ្រោះឡាវ Rescue Volunteer for People។ រូបភាពវីដេអូមួយដែលបានបង្ហោះដោយក្រុមជួយសង្គ្រោះហាក់ដូចជាបង្ហាញពីពេលវេលាដែលពួកគេបានជ្រមុជចេញពីទឹក ហើយបានរកឃើញបុរសទាំង៥មានចាស់ និង ក្មេងដែលជាប់គាំងនៅទីនោះ។ បុរសទាំងនោះមានបំពាក់ចង្កៀងលើមុខ និងអង្គុយលើថ្មដែលហ៊ុំព័ទ្ធដោយទឹកជំនន់។ អ្នកភូមិម្នាក់ទៀតដែលបានចូលទៅក្នុងរូងភ្នំជាមួយអ្នកទាំង ៧នាក់នោះ បានរត់គេចខ្លួនទាន់ នៅពេលដែលទឹកជំនន់បុកមក ហើយគាត់ក៏បានជូនដំណឹងអំពីបុរសដែលជាប់គាំងទាំងនោះ។ ក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុនោះកាលពីចុងសប្តាហ៍នេះ មានទាំងអ្នកជ្រមុជទឹកជំនាញជាច្រើននាក់ ដែលធ្លាប់មានបទពិសោធណ៍ជួយសង្គ្រោះមនុស្សជាប់គាំងស្រដៀងគ្នានេះដ៏ស្មុគស្មាញកាលពីឆ្នាំ ២០១៨ ដែរ នៅភាគខាងជើងប្រទេសថៃ ដែលមានក្មេងប្រុសជាសិស្សសាលាចំនួន១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលបានជាប់គាំងអស់រយៈពេលជាងពីរសប្តាហ៍នៅក្នុងរូងភ្នំមួយ។ លោក Miiko Paasi ជាគ្រូបង្វឹកមុជទឹកជនជាតិហ្វាំងឡង់ដែលមានមូលដ្ឋាននៅប្រទេសថៃ ក៏បានចូលរួមក្នុងកិច្ចការជួយសង្គ្រោះក្មេងប្រុសសិស្សសាលាទាំងនោះដែរ ហើយពេលនេះលោកក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្សនៅក្នុងប្រទេសឡាវដូចគ្នា។ លោកបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា បុរសទាំងនោះ «មានសុខភាពល្អ និងមានស្មារតីល្អ» ប៉ុន្តែគាត់បានព្រមានថា ការយកពួកគេចេញគឺមិនងាយស្រួលនោះទេ។ រូងភ្នំនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងរដិបរដុបខ្លាំងណាស់ ដែលវាស្ថិតនៅក្នុងស្រុក Longcheng ខេត្ត Xaisomboun ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍។ ក្រុមអ្នកជួយសង្គ្រោះបានរៀបរាប់លម្អិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីដីភ្នំដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលបានរារាំងការងាររបស់ពួកគេ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ