ការដឹកជញ្ជូនជំនួយវេជ្ជសាស្រ្តជាង១០០តោនសម្រាប់ឆ្លើយតបទៅនឹងជំងឺ Ebola នៅកុងហ្គោបានទៅដល់ទីក្រុង Bunia ហើយ! ខណៈអ្នកជាប់ពាក់ព័ន្ធនិងសង្ស័យឆ្លងអាចឡើងជាង៣០០០នាក់

ឧបករណ៍ការពារ និងឱសថបានមកដល់ទីក្រុង Bunia នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោហើយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីផ្ទុះឡើងនៃជំងឺអេបូឡាចុងក្រោយបង្អស់បានកើនដល់កម្រិតខ្ពស់មិនធ្លាប់មានទេក្នុងប្រទេសនេះ។ លោក Jérôme Kouachi ប្រធានប្រតិបត្តិការសង្គ្រោះបន្ទាន់នៅ UNICEF បាននិយាយថា សម្ភារៈវេជ្ជសាស្រ្តចំនួន ១០០តោនត្រូវបានបរិច្ចាគសម្រាប់ប្រតិបត្តិការការពារជនស៊ីវិល និងជំនួយមនុស្សធម៌អឺរ៉ុបដែលមានឈ្មោះថា ECHO។ ចំនួននៃករណីសង្ស័យឆ្លងនៅភាគខាងកើតប្រទេសកំពុងឡើងដល់ជិត១០០០ករណីហើយ ដោយមានមនុស្សស្លាប់ជាបន្តបន្ទាប់ជាង២២០នាក់។ ក្រសួងសុខាភិបាលប្រទេសកុងហ្គោបាននិយាយកាលពីថ្ងៃអង្គារថា ករណីវិជ្ជមានចំនួន ១០១ ត្រូវបានគេបញ្ជាក់ ហើយពួកគេកំពុងស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយមនុស្សទាំង១០១នាក់នោះបន្ថែមទៀត ដែលអាចសង្ស័យឆ្លងជាង៣០០០នាក់ទៀត៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ