ពិធីសំណេះសំណាលនិងទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ដើម្បីស្វែងយល់អំពីប្រធានបទ «ការផ្លាស់ប្តូរឥរិយាបថសង្គមដើម្បីសមភាពយេនឌ័រ និងតម្លៃស្ត្រីខ្មែរ» នៅទីស្តីការក្រសួងកិច្ចការនារី
នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យនិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ចំនួន ១០០នាក់ ដែលដឹកនាំដោយ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា មកបំពេញទស្សនកិច្ចសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់អំពីប្រធានបទ «ការផ្លាស់ប្តូរឥរិយាបថសង្គមដើម្បីសមភាពយេនឌ័រ និងតម្លៃស្ត្រីខ្មែរ»។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ១. បង្កើនចំណេះដឹងដល់និស្សិតអំពីបេសកកម្ម ក្រសួងកិច្ចការនារី និងកិច្ចការងារបញ្ជ្រាបយេនឌ័រនៅកម្ពុជាតាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្របខណ្ឌច្បាប់ ផែនការសកម្មភាព និងយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ២. បង្ហាញអំពីបេសកកម្ម វឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ.)។
នាឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ» ដោយបានបន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ ជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយទៅជាមូលធនមនុស្សនៅក្នុងសង្គមដែលចំណេះដឹងនិងជំនាញ មានសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ សុជីវធម៌ និងគុណធម៌ ដែលនឹងអាចក្លាយទៅជាថ្នាក់ដឹកនាំដែលមានមនៈសិកាខ្ពស់ក្នុងការបម្រើការងារជូនជាតិ និងមាតុភូមិ។



