ក្រសួងបរិស្ថាន រៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “រួមគ្នាអនុវត្តភាពបៃតង ដើម្បីឈានឆ្ពោះទៅសហគមន៍អព្យាក្រឹតកាបូន”

ភ្នំពេញ ៖ នាយកដ្ឋានជីវភាពសហគមន៍នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “រួមគ្នាអនុវត្តភាពបៃតង ដើម្បីឈានឆ្ពោះទៅសហគមន៍អព្យាក្រឹតកាបូន” រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ ២០២៦ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាអនុប្រធានអចិន្ត្រៃយ៍បណ្តាញអភិរក្សធនធានធម្មជាតិថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក ជីវ សុភារិទ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍បណ្តាញថ្នាក់ជាតិ លោក សារុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងជាសមាជិកបណ្តាញថ្នាក់ជាតិ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ សមាជិកគណៈកម្មការបណ្តាញថ្នាក់ជាតិ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តគោលដៅ សមាជិកបណ្តាញថ្នាក់មូលដ្ឋាន គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសរុបចំនួន៧៥នាក់។

ក្នុងពិធីបើកកិច្ចប្រជុំបណ្តាញនេះ ឯកឧត្តម សេង សោត បានលើកពីសារៈសំខាន់នៃកិច្ចប្រជុំបណ្តាញ ការចែករំលែកបទពិសោធន៍ សកម្មភាពលើកកម្ពស់ជីវភាព និងការចូលរួមអភិរក្សធនធានធម្មជាតិឆ្លើយតបយុទ្ឋសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ពីព្រោះជាវេទិកាជជែកពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធរវាងបណ្តាញសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សា ចែករំលែក បទពិសោធន៍ និងពង្រឹងសមត្ថភាពគ្នាទៅវិញទៅមកក្នុងការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយនិរន្តរភាព នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរ ដូចជាការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការបាត់បង់ធនធានធម្មជាតិ និងសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ។ ដូច្នេះការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់ក្នុងការឆ្លើយតប និងរកនូវដំណោះស្រាយលើបញ្ហាទាំងនេះ៕