អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍និងជំរុញការប្រើប្រាស់ App NoDrug
ខេត្តក្រចេះ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ សហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអប់រំ ស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមជាង១០០នាក់មកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកំលាំង ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធនានា។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានពាំនាំនៅប្រសាសន៍របស់ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ និងបានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀនព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់ការចូលរួមគ្រប់សមាសភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកុំឱ្យរីករាលដាលក្នុងសហគមន៍ បំផុសស្មារតីចូលរួម និងបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់App NoDrug ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍។
លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយនូវផែនការលេខ០១ផកស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១និងសេចក្ដីណែនាំស្ដីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់ក្រសួងទេសចរណ៍។
ក្នុងនាមឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងឱកាសនោះ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងបានថ្លែងអំណរគុណនិងបានលើកឡើងស្ថានភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន លើកកម្ពស់ និងទាក់ទាញអ្នកទេសចរណ៍ មកទស្សនាខេត្តតាមដងទន្លេមេគង្គ អន្លង់ផ្សោតមួយនេះ តាមរយៈ កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ទេសចរណ៍ បុណ្យទន្លេ កីឡាទេសចរណ៍ ។ល។
ក្នុងនាមឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្នុងឱកាសនោះ ឯកឧត្តមកាទើ មហាំម៉ាត់ណោសស្រ៊ី ថ្លែងអំណរគុណ និងណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងលិខិតបទដ្ឋានពាក់ព័ន្ធអាជីវកម្មទេសចរណ៍ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV បៀហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ម៉ាស្សា…។ល។ បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ អនុវត្តបទបញ្ជាលេខ ០១ បប ០២បប របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិក និងបំផុសការទាញយក ប្រើប្រាស់ App NoDrug ដើម្បីចូលរួមចំណែកកសាងបាននូវសហគមន៍មួយបានសុវត្ថិភាពនិងអភិវឌ្ឍដោយគ្មានគ្រឿងញៀន ។



