ប្រទេសអ៊ូហ្គង់ដាសម្រេចបិទព្រំដែនជាមួយកុងហ្គោដោយសារកំនើននៃករណីឆ្លងជំងឺ Ebola កាន់តែខ្ពស់ជាង១០០០ករណី និង មនុស្សស្លាប់ជាង២២០នាក់
អាជ្ញាធរអ៊ូហ្គង់ដាបានបញ្ជាឱ្យបិទព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលករណីសង្ស័យឆ្លងជំងឺអេបូឡាប្រភេទកម្របានកើនឡើងដល់ជិត១០០០ករណីនៅក្នុងប្រទេសជិតខាងរបស់ខ្លួន និងខណៈដែលវ៉ារ្យ៉ង់ផ្សេងទៀតលេចឡើងនៅក្នុងស្រុក នាពេលថ្មីៗនេះដែរ។ ទោះបីជាវិធានការនេះវាផ្ទុយ ទៅនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក WHO ប៉ុន្តែវាបានគូសបញ្ជាក់ពីភាពភ័យខ្លាចកាន់តែខ្លាំងឡើងៗនៃលទ្ធភាពឆ្លងនៅក្នុងប្រទេសអាហ្វ្រិកខាងកើតផ្សេងទៀត ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែរ ដែលមានបទពិសោធន៍ឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡានេះយឺតយ៉ាវ ប៉ុន្តែប្រឈមមុខនឹងប្រភេទមួយផ្សេងទៀត ដោយសារគ្មានថ្នាំ ឬវ៉ាក់សាំងព្យាបាលដែលត្រូវបានអនុម័តភ្លាមៗបាន។ ក្រុមការងារសង្រ្គោះអ្នកជំងឺអេបូឡាអ៊ូហ្គង់ដាបានសម្រេចចិត្តបិទព្រំដែន បន្ទាប់ពីមានករណីបុគ្គលិកសុខាភិបាលក្នុងស្រុកដែលបានប៉ះពាល់នឹងវីរុសជាមួយអ្នកជំងឺកុងហ្គោបានឆ្លងកើនឡើង មុនពេលករណីផ្ទុះឡើងភ្លាមដែលត្រូវបានគេប្រកាសកាលពីថ្ងៃទី១៥ខែឧសភា។ ការធ្វើដំណើរឆ្លងកាត់ព្រំដែនកុងហ្គោនឹងត្រូវបានអនុញ្ញាតតែក្នុងករណីបន្ទាន់ប៉ុណ្ណោះ រួមទាំងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគ ការចរាចរណ៍ទំនិញ ឬហេតុផលសន្តិសុខនានា នេះជាអ្វីដែលលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មាន។ អ្នកដែលចូលមកបានពីប្រទេសកុងហ្គោ គឺស្ថិតក្រោមវិធានការអាសន្ន ដោយត្រូវដាក់ឱ្យនៅដាច់ដោយឡែក ឬ ចត្តាឡីស័ករយៈពេល២១ថ្ងៃ សម្រាប់តាមដាន ហើយក៏មានការចត្តាឡីស័កពីអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងជំងឺអេបូឡា ត្រូវបានគេមើលឃើញថាជាគន្លឹះមួយក្នុងការបញ្ឈប់ភាពរីករាលដាលនៃជំងឺនេះ ដែលជាធម្មតាវាបង្ហាញចេញជារោគសញ្ញាគ្រុនក្តៅខ្លាំងនិងមានហូរឈាម។ មេរោគនេះរីករាលដាលតាមរយៈការប៉ះពាល់គ្នាជិតស្និទ្ធជាមួយសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលឈឺស្រាប់ ឬបានស្លាប់រួចហើយ។ អ្នកជំនាញនិយាយថា បុគ្គលិកថែទាំសុខភាព និងសមាជិកគ្រួសារដែលថែទាំអ្នកជំងឺ គឺប្រឈមនឹងហានិភ័យខ្ពស់បំផុតនិងខ្លាំងជាងគេ។ ចំនួនករណីសង្ស័យនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺឡើងជិតដល់ ១០០០នាក់ និង ២២០នាក់សង្ស័យថាស្លាប់ ដោយនេះមិនទាន់រាប់ចំនួនជាក់ស្តែងនៅឡើយទេ។ អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃជំងឺនេះជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ជាការលើកទឹកចិត្តដល់ការបិទព្រំដែនដែរ ស្របពេលដែលពួកគេទទួលស្គាល់ថាប្រទេសជិតខាងនៃប្រទេសដែលផ្ទុះមេរោគគឺមានហានិភ័យឆ្លងខ្ពស់ជាងគេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ


