មនុស្ស៣នាក់ស្លាប់-៣នាក់របួស ក្នុងហេតុការណ៍ដួលរលំមួយផ្នែកនៃស្ពានអាកាសចំណាស់មួយដែលមានអាយុកាលរាប់ទសវត្សរ៍នៅប្រទេសកូរ៉េខាងត្បូង
មនុស្សបីនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសកាលពីល្ងាចថ្ងៃអង្គារនេះ នៅពេលដែលស្ពានអាកាសមួយខ្សែមានអាយុរាប់ទសវត្សរ៍បានដួលរលំ ខណៈកំពុងស្ថិតក្រោមការរុះរើបានដោយផ្នែកខ្លះនៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមមន្ត្រីពន្លត់អគ្គីភ័យបញ្ជាក់។ លោក Lee Jong-woon មន្ត្រីនៅស្ថានីយ៍ពន្លត់អគ្គីភ័យស្រុកសេអ៊ូល បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងអំឡុងពេលនៃការត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីកម្មករបានបញ្ឈប់ការងាររុះរើ ដោយបានកត់សម្គាល់ឃើញថា ផ្នែកមួយនៃរចនាសម្ព័ន្ធបានលិចឡើងបន្តិច ស្របពេលដែលបន្ទះបេតុងស្ពានកំពុងត្រូវបានកាត់ដែរ។ មន្ត្រីបាននិយាយថា ជនរងគ្រោះដោយសារត្រូវកំទេចកំទី និងបំណែកបាក់បែកផ្សេងទៀត បន្ទាប់ពីផ្នែកមួយនៃស្ពានបានដួលរលំភ្លាមៗ។ មន្ត្រីប៉ូលីស និងមន្ត្រីសង្គ្រោះបន្ទាន់បានបិទចរាចរណ៍នៅជុំវិញទីកន្លែងនោះ ជាកន្លែងដែលធ្នឹមដែកស្ពានរមួល និងបន្ទះបេតុងដែលបែកខ្ទេចខ្ទីបានព្យួររណេងរណោងយ៉ាងមានគ្រោះថ្នាក់ពីគែមម្ខាងនៃស្ពានអាកាសនេះ។ កំទេចកំទីមួយចំនួនក៏បានធ្លាក់មកលើផ្លូវដែករថភ្លើងក្បែរនោះផងដែរ ដែលបង្ខំឱ្យក្រុមហ៊ុន Korea Railroad Corp. ផ្អាកប្រតិបត្តិការមួយចំនួនរបស់ខ្លួនទៅកាន់ស្ថានីយ៍សេអ៊ូលថែមទៀតផង។ សូមរំលឹកថាស្ពានអាកាសនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៦ និងត្រូវបានគេរុះរើដើម្បីជួសជុលចាប់តាំងពីខែសីហា ឆ្នាំមុនមក ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃអាយុកាលរបស់ស្ពាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



