អនីតិជនជាសិស្សសាលារៀនតូចៗ២នាក់ស្លាប់ និង ៥នាក់រងរបួសធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់រថយន្តដឹកជញ្ជូនសិស្សសាលាបុកជាមួយនឹងរថភ្លើងនៅប្រទេសបែលហ្ស៊ិក
ប៉ូលីសសហព័ន្ធបែលហ្សិកបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួសដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចគ្នារវាងរថភ្លើង និងរថយន្តក្រុងខ្នាតតូចមួយដែលដឹកជញ្ជូនកុមារនៅភាគខាងជើងប្រទេស។ គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចឆ្លងកាត់ផ្លូវមួយ ដែលស្ថិតនៅក្បែរទីក្រុង Buggenhout ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគពាយ័ព្យនៃរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលហ្សិក។ ព័ត៌មានលម្អិតស្តីពីមូលហេតុបង្ករគ្រោះថ្នាក់នេះមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយនោះទេ ប៉ុន្តែប៉ូលីសបាននិយាយថា “មនុស្សជាច្រើននាក់” បានរងរបួសក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែពួកគេមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ។ ទូរទស្សន៍ឯកជនបែលហ្ស៊ិក VTM បាននិយាយថាអនីតិជន២នាក់បានស្លាប់ និង ៥នាក់រងរបួសធ្ងន់ធ្ងរ។ ព្រះរាជអាជ្ញា និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងសេវាដឹកជញ្ជូនសាធារណៈបានទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត។ ក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែលហ្ស៊ិក លោក Bernard Quintin បានសម្តែងនូវសមានទុក្ខសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដ៏សោកសៅនៅ Buggenhout នេះ ដែលរថយន្តខ្នាតតូចរបស់សាលារៀនបានបុកជាមួយនឹងរថភ្លើង សម្លាប់សិស្សសាលារៀនតូចៗ។ វាជាសោកនាដកម្មដ៏រន្ធត់ ដូច្នេះខ្ញុំពិតជាយល់នូវអារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ជាកូនតូចៗដែលទើបតែបានចូលសាលារៀន គឺជាទុក្ខកង្វល់បំផុតសម្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងអស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ



