ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ចុះទៅពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាផ្លូវចំនួន ៦ខ្សែ ដែលកំពុងដំណើរការស្ថាបនាជាផ្លូវកៅស៊ូ និងបេតុងនៅក្នុងខេត្តពោធិ៍សាត់។
ខ្សែទី១៖ ផ្លូវភូមិបាគូ-ផ្ទះស្រែ សាងសង់ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៧,៦១គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៧%។
ខ្សែទី២៖ ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៥,៣៧គ.ម. ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិបាគូ ទៅដល់ភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្ដៀង ដែលបានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៧,៩៣%។
ខ្សែទី៣៖ ផ្លូវស្ថានីយ៏-ធ្លក-បឹងចក ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១១ គ.ម. ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិស្ថានីយ៍ ឃុំកណ្តៀង ទៅដល់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ដែលបានចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥៣,៤៨%។
ខ្សែទី៤៖ ឈ្មោះផ្លូវ បន្ទាយត្រោក-កំពង់សំបួរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៤,២៧ គ.ម. ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយត្រោក ឃុំស្រែស្តុក ទៅដល់ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្ដៀង ដែលបានចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៤,៤%។
ផ្លូវទាំង ៤ ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។
ខ្សែទី៥៖ ឈ្មោះផ្លូវ ភ្នៅ-ផ្ទះព្រីង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១២,២៦ គ.ម ទទឹងតួផ្លូវ ៦ ម៉ែត្រ តភ្ជាប់ពីភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ទៅកាន់ភូមិដំរីស ឃុំ កោះជុំ ស្រុកកណ្តៀង ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៦,២% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦។
ខ្សែទី៦៖ ឈ្មោះផ្លូវ អូរស្ដៅ-វត្តវាល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៤,៩៩គ.ម. ទទឹងតួផ្លូវ ៦ ម៉ែត្រ តភ្ជាប់ពីភូមិអូរស្តៅ ឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ ទៅកាន់ភូមិផ្សារលើ ឃុំលលកស ស្រុកពោធិ៍សាត់ ដែលបានចាប់ផ្ដើមសាងសង់នៅឧសភា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៣៥,៦៣%។
ខ្សែផ្លូវទី ៥ និងទី ៦ នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន ២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)៕



