ក្រសួងមហាផ្ទៃ ចេញប្រកាសថា ការធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជា បើកដំណើរការជើងហោះហើរជាធម្មតា

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញមកប្រកាសថា ការធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជាកំពុងបើកដំណើរការជើងហោះហើរជាធម្មតា ពុំមានការបិទជើងហោះហើរដូចការផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិនឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

ចំពោះករណីនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបដិសេធទាំងស្រុង និងចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។

សេចក្ដីបំភ្លឺក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គឺគ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ។ ក្រសួង ថា គ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ នៅតាមបណ្តាច្រកទ្វារអន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលពុំមានការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជាដូចការប្រឌិតឡើយ។

បន្ថែមពីការបំភ្លឺខាងលើនេះ ក្រសួងមហាផ្ទៃក៏បានលើកឡើងពីការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិនផងដែរ ដោយកម្ពុជាផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ៕