ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបកសិករចំនួន ៣២១នាក់ ក្នុងស្រុកឈូក ខេត្តកំពត រួចស្តាប់ពីកង្វល់នឹងបញ្ហាប្រឈមលើវិស័យកសិកម្ម
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ដោយបានស្តាប់ពីកង្វល់នឹងបញ្ហាប្រឈមផ្សេងៗលើវិស័យកសិកម្មក្នុងបរិបទជីគីមីកសិកម្មកំពុងឡើងថ្លៃ។
នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក លោកមេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករចូលរួមសរុបចំនួន ៣២១នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះក៏ជាឱកាសល្អមួយឲ្យបងប្អូនប្រជាកសិករបានស្គាល់ពីធនាគាររបស់រដ្ឋ គឺ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តោតលើវិស័យកសិកម្ម និងសមាគមបណ្តាញកសិករតេជោ ព្រោះកន្លងទៅកសិករយើងមិនសូវស្គាល់បានទូលំទូលាយនោះទេ ហើយសូមបងប្អូនកសិករយើងរួមគ្នាប្រើប្រាស់សេវាធនាគាររបស់រដ្ឋវិញ ដែលមានអត្រាការប្រាក់ទាបសមរម្យ និងមានហានិភ័យទាប។
លើសពីនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ការធ្វើកសិកម្មរបស់បងប្អូនពិតណាស់ទី១ ជួបបញ្ហារឿងទុនយកទៅធ្វើឬផលិតកសិកម្ម ទី២ ផលិតបានហើយខ្វះទីផ្សារលក់ និងទី៣ ខ្វះបច្ចេកទេសដាំដុះ និងចិញ្ចឹមមិនបានផលច្រើន ហើយអ្វីដែលប្រឈមធំមួយទៀតគឺ កសិករយើងមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួននោះទេ ផលិតបានហើយស្រែកថាខាតរហូត។
ជាដំណោះស្រាយលើបញ្ហានេះ និងដើម្បីស្រាយកង្វល់របស់បងប្អូនប្រជាកសិករខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ថា “បងប្អូនប្រជាកសិករគួរពិចារណាដែរ បើដាក់ចិត្តធ្វើកសិកម្មហើយគួរផលិតឲ្យជាប់កុំឲ្យដាច់ ទើបអាចធានាចីរភាពទីផ្សារបានល្អបើមិនដូច្នោះទេ ឈ្មួញអ្នកបញ្ជារទិញ និងក្រុមហ៊ុនច្បាស់ណាស់ នឹងងាកទៅរកកន្លែងផ្គត់ផ្គង់ផ្សេងដែលគេផលិតមានស្ថេរភាព”។
ចំណុចចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវឲ្យកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ គឺជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសម្លេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និងទី២ ជា ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕



