រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជួបពិភាក្សាគ្នាដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា រវាងក្រសួងព័ត៌មាន និងស្ថាប័នវៀតណាមចំនួន២ គឺក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និង វិទ្យុ សំឡេងវៀតណាម VoV

ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា លោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេស អញ្ជើញចូលជួបសំដែងការគូរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារបច្ចេកទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីពង្រឹងពង្រីកិច្ច សហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា រវាងក្រសួង ព័ត៌មាន និងស្ថាប័នវៀតណាមចំនួន២ រួមមាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និង វិទ្យុ សំឡេងវៀតណាម VoV ។

ក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើការអភិវឌ្ឍវិស័យសារព័ត៌មាន ការបោះពុម្ព ការផ្សាយសំឡេង រូបភាព និងព័ត៌មានបរទេស ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូនៃស្ថាប័នទាំងពីរ ក៏ដូចជាការចែករំលែកចំណេះដឹងស្តីពីអភិបាលកិច្ចបណ្តាញសង្គមការប្រឆាំងព័ត៌មានក្លែងក្លាយ និងជំនាញសរសេរព័ត៌មាន។

ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម ផ្តោតសំខាន់លើការគាំទ្រផ្នែកបច្ចេកទេសគ្រឿងបរិក្ខារផ្កាយរណប រថយន្តផ្សាយផ្ទាល់ និងប្រព័ន្ធរក្សាទុកឯកសារ។

ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ជាមួយទូរទស្សន៍វៀតណាម (VTV) ដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនៅទូរទស្សន៍ជាតិកម្ពុជា (ទទក) និងការបណ្តុះបណ្តាលដល់មន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ផងដែរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកសំណើទៅកាន់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត ណាម គួរមានមន្ត្រីបង្គោលសម្រាប់សម្របសម្រួលការអនុវត្តផែនការកិច្ចសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ២០២៦-២០៣០។ ជំរុញការផលិត និងផ្លាស់ប្តូរខ្លឹមសាររួមគ្នា ដើម្បីលើកកម្ពស់មិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ ស្នើឱ្យមានការគាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍ឌីជីថលសម្រាប់ការផលិតមាតិកាឌីជីថល ការគ្រប់គ្រងបណ្ណសារឌីជីថល ការផ្សាយតាមបណ្តាញសង្គម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងស្ថាប័នព័ត៌មាន។ ជាមួយនេះ
ស្នើឱ្យវៀតណាមកំណត់កូតាអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាក់លាក់ប្រចាំឆ្នាំ សម្រាប់មន្ត្រីក្រសួងព័ត៌មានកម្ពុជា ទាំងវគ្គខ្លី វគ្គវែង និងវគ្គបណ្តុះបណ្តាលជំនាញពិសេស។
ផ្តល់អាទិភាពលើវគ្គបណ្តុះបណ្តាលសំខាន់ៗ ដូចជា Digital Publishing, AI-Enhanced Journalism, Broadcasting Development, Fact-checking, Crisis Communication, Media Monitoring និងការផលិតមាតិកាសម្រាប់បណ្តាញឌីជីថល។
រៀបចំកម្មវិធី Training of Trainers (ToT) ដើម្បីឱ្យមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាល អាចបន្តចែករំលែកចំណេះដឹងដល់មន្ត្រី និងអ្នកសារព័ត៌មានក្នុងប្រទេសបានទូលំទូលាយ។
ទន្ទឹមនេះស្នើឱ្យមានកម្មវិធីទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរអ្នកជំនាញ រវាងស្ថាប័នព័ត៌មានរដ្ឋ និងអង្គភាពផ្សព្វផ្សាយនៃប្រទេសទាំងពីរ ដើម្បីសិក្សាពីបទពិសោធន៍ល្អក្នុងការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា និងការផ្សព្វផ្សាយឌីជីថល។

ជារួមលោកជំទាវ អនុរដ្ឋមន្ត្រី បានទទួលយកសំណូមពររបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅពិភាក្សាជាមួយក្រុមការងារ ដើម្បីដាក់ចេញនូវផែនការអនុវត្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០៣០៕