ខេត្តព្រះសីហនុ បង្ហាញ«ឱកាសមាស» ទាក់ទាញក្រុមអ្នកវិនិយោគទុនចិនប្រមាណជិត ៥០ក្រុមហ៊ុន នៅទីក្រុងហឺហ្វី ខេត្តអានហួយ ប្រទេសចិន!

នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្តារអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ជូនដល់ក្រុមអ្នកវិនិយោគទុនចិន មកពីបណ្តាក្រុមហ៊ុនធំៗប្រមាណជិត ៥០ ក្រុមហ៊ុន នៅទីក្រុងហឺហ្វី (Hefei) ខេត្តអានហួយ (Anhui) នៃសាធារណរដ្ឋប្រជាមានិតចិន។

បទបង្ហាញនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពល បង្ហាញពីឱកាសមាសផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តព្រះសីហនុ ក៏ដូចជាទាក់ទាញការវិនិយោគបើកចំហ និងជំរុញឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុនបន្ថែម ដើម្បីរួម ចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តព្រះសីហនុ និងខេត្តអានហួយ ឱ្យកាន់តែស្អិតរមួត។

នៅក្នុងឱកាសនោះ ក្រុមអ្នកវិនិយោគចិនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងលក្ខខណ្ឌអនុគ្រោះជាច្រើនសម្រាប់ការវិនិយោគនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះរបស់កម្ពុជា។

អត្ថបទ:ស្រីមុំ
រូបភាព:រដ្ឋបាលខេត្តព្រះសីហនុ