ផែនការប្រែក្លាយតំបន់ទេសចរណ៍ «ក្រុងកោះរ៉ុង» ទៅជាតំបន់គ្មានសំណល់ប្លាស្ទិក ត្រូវបានលើកយកមកពិភាក្សាដើម្បីលើកកំពស់ សោភ័ណភាពឆ្នេរ និងទីក្រុងស្អាត

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារឆ្នេរថ្មី មានរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោង «ប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុង ជាតំបន់ទេសចរណ៍គ្មានប្លាស្ទិក» (Plastic-Free Tourism Zone)។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង  និងភាគីពាក់ព័ន្ធនានា។
​ក្នុងឱកាសនោះ លោក ចេន រ៉េត នាយករង រដ្ឋបាលសាលា ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍គឺជាវិស័យបៃតងដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិរក្សសម្បត្តិវប្បធម៌ ព្រមទាំងធនធានធម្មជាតិរបស់ខេត្ត។ ជាមួយគ្នានោះ លោកបានជម្រាបជូនអំពីភូមិសាស្ត្រ សក្តានុពល និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ លើគ្រប់វិស័យ។ ទន្ទឹមនឹងការរីកចម្រើននេះ លោកក៏បានលើកឡើងពីបញ្ហាប្រឈមនៃសំណល់ប្លាស្ទិក ដោយយោងតាមទិន្នន័យ ខេត្តព្រះសីហនុមានសំណល់ប្លាស្ទិកប្រមាណ ៤០ពាន់តោនក្នុងមួយឆ្នាំ ប៉ុន្តែមានត្រឹមតែ ៤,០០០ តោនប៉ុណ្ណោះ ដែលត្រូវបានយកទៅកែច្នៃឡើងវិញ។ បរិមាណដែលសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរ ស្ទះប្រព័ន្ធលូ បង្កើតហានិភ័យទឹកជំនន់ និងប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងជីវៈចម្រុះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ដូចជា ការបំពាក់ធុងសំរាមតាមទីសាធារណៈ ការជំរុញការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក ការញែកសំណល់ និងការបំផុសស្មារតីដៃគូពាក់ព័ន្ធ ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង «ឆ្នេរស្អាត ទីក្រុងស្អាត បរិស្ថានស្អាត»។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គ.ជ.វ.ទ បានលើកឡើងនូវទិសដៅយុទ្ធសាស្ត្រចម្បងចំនួន ២ សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រួមមាន៖
​ទី១៖ ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរ ដោយជ្រើសរើសយកឆ្នេរណាមួយជាគំរូ ក្នុងចំណោមឆ្នេរកម្សាន្តទាំង ៣០កន្លែង ដើម្បីធ្វើការសម្អាតជាប្រចាំ រួចពង្រីកទៅកាន់តំបន់ឆ្នេរដទៃទៀត។
​ទី២៖ ការជំរុញយន្តការប្រែក្លាយក្រុងកោះរ៉ុង ឱ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិក។
​ឯកឧត្តមអគ្គលេខាធិការរង បានបញ្ជាក់បន្ថែមថា ក្រុងកោះរ៉ុងគឺជាតំបន់សក្តានុពលទេសចរណ៍ដ៏ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងដំណើរចុះពិនិត្យការងារជាលើកទី២ នេះ គ.ជ.វ.ទ រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធ នឹងធ្វើការវាយតម្លៃលើផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយក្នុងនោះ ដំណោះស្រាយដ៏ប្រសើរបំផុត គឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្តង។
​ជាទីបញ្ចប់ ឯកឧត្តមបានពង្រឹងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាត ខ្យល់អាកាសបរិសុទ្ធ និងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព៕
អត្ថបទ មន សូត្រ
ថតដោយ អ៊ូជោត