ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនឯកជន និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីស្តាប់មតិយោបល់ក្រុមហ៊ុនពីការលើកឡើង របស់បងប្អូនយើងដឹកជញ្ជូនក្រៅប្រព័ន្ធ កង្វល់ពីការធ្លាក់ចុះចំណូលនិងការរប្រគួតប្រជែង ជាមួយយានយន្តអគ្គិសនី ដែលមានតំលៃថោក និងពេញនិយមពីអ្នកប្រើប្រាស់ក្នុងការផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដូចគ្នា។ ឯកឧត្តមក៏បានធ្វើការណែនាំក្រុមហ៊ុនទាំងអស់ឱ្យគោរពគោលការណ៍ណែនាំ និងព័ត៌មានផ្សេងៗដែលបានចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្រុមហ៊ុនត្រូវផ្ញើរនូវទិន្នន័យ និងរបាយការណ៍ជូនមកក្រសួងដើម្បីធ្វើការវាយតម្លៃ និងតាមដានចំពោះសកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ផ្តាំផ្ញើរសូមឱ្យក្រុមហ៊ុនទាំងអស់ចូលរួមគោរពនូវវិធានការណែនាំរបស់ក្រសួងដែលបានដាក់ចេញ ពិសេសលើការបើកបរចរាចរណ៍លើដងផ្លូវ និងសូមជួយស្រាយបំភ្លឺ ការបច្ចេញមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសេវាកម្ម និងបញ្ហាផ្សេងៗរបស់អ្នកបើកបរនៅលើបណ្តាញសង្គម៕