គណៈប្រតិភូ សមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអង្គការមិត្តភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន លើកទី៥ នៅខេត្តជាំងស៊ី ប្រទេសចិន

(ជាំងស៊ី, ប្រទេសចិន)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ចាត់តាំង ឯកឧត្ដម ឡាវ វ៉ាន់ អនុប្រធានសមាគមដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអង្គការមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន លើកទី៥ ដែលប្រារព្ធនៅទីក្រុងជីងទឺចិន ខេត្តជាំងស៊ី ប្រទេសចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គការនិងសមាគមមិត្តភាពជាមួយប្រទេសចិនមកពីបណ្តាប្រទេសសមាជិកអាស៊ាន។

ថ្លែងក្នុងសុន្ទរកថា ឯកឧត្តម ឡាវ វ៉ាន់ បានគូសបញ្ជាក់ថា កិច្ចប្រជុំពេលនេះបង្ហាញពីតួនាទីយ៉ាងសំខាន់របស់អង្គការ និងសមាគមមិត្តភាពតាមរយៈការចូលរួមពង្រឹងទំនាក់ទំនងការទូត ពង្រឹងចំណងមិត្តភាពវប្បធម៌ ការកសាងទំនុកចិត្ត ការជំរុញការសន្ទនា ការលើកកម្ពស់ ការរៀនសូត្រទៅវិញទៅមក និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្ដម បានសង្កត់ធ្ងន់ថា មិត្តភាពរវាងរដ្ឋនិងរដ្ឋ គឺផ្តើមចេញពីមនោសញ្ចេតនារវាងប្រជាជន និងប្រជាជន ហើយកម្ពុជានិងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់និងថ្នាក់ដឹកនាំកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់។

គួររំលេចផងដែរថា កិច្ចប្រជុំលើកទី៥នេះ ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំអង្គការនិងសមាគមមិត្តភាពជាមួយប្រទេសចិនមកពីបណ្តាប្រទេសសមាជិកអាស៊ាន សំដៅរួមចំណែកថែរក្សាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការឈ្នះឈ្នះក្នុងតំបន់។