ឯកឧត្តម ឈួរ សុបញ្ញា : ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦–២០២៧ នៅសាលាពុទ្ធិកបឋមសិក្សាសម្តេច ជា ស៊ីម និងពុទ្ធិកអនុវិទ្យាល័យឥន្ទញ្ញាណ ស្វីស ខេត្តព្រះសីហនុ គឺជាការចាប់ផ្តើមដ៏មានន័យសម្រាប់សមណសិស្ស ក្នុងដំណើរស្វែងរកនូវចំណេះដឹង និងការបណ្តុះគុណធម៌

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ៩ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៦–២០២៧ នៅសាលាពុទ្ធិកបឋមសិក្សាសម្តេច ជា ស៊ីម និងពុទ្ធិកអនុវិទ្យាល័យឥន្ទញ្ញាណ ស្វីស ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ព្រះពុទ្ធវង្ស សុខ សុភាព សមាជិកលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ ដែលបាននិមន្តជាព្រះរាជតំណាងសម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ក្នុងពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជនជាច្រើន។ ពិធីបានប្រព្រឹត្តទៅនៅវត្តឥន្ទញ្ញាណ ខេត្តព្រះសីហនុ ក្នុងបរិយាកាសយ៉ាងអធិកអធម និងពោរពេញដោយសទ្ធាជ្រះថ្លា។

ក្នុងឱកាសនោះ ព្រះពុទ្ធវង្សបានសម្តែងនូវឱវាទកថាជាអនុសាសន៍ដ៏មានតម្លៃដល់សមណសិស្ស និងពុទ្ធបរិស័ទ ដូចតទៅ៖

១. ខិតខំសិក្សាព្រះធម៌ និងវិជ្ជាសាស្ត្រទាំងឡាយ ដោយព្រះអង្គបានណែនាំឱ្យសមណសិស្សយកការសិក្សាជាគោលដៅសំខាន់ ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាព សម្រាប់សាសនា និងសង្គម
ដូចគាថាព្រះសាស្តាសម្តែងថា“បញ្ញា នរានំ រតនំ” បញ្ញាជាគ្រឿងអលង្ការដ៏មានតម្លៃបំផុត)។

២. ថែរក្សាសីល និងវិន័យជាគ្រឹះជីវិត ដោយព្រះអង្គបានសង្កត់ធ្ងន់ថា សីលធម៌គឺជាគ្រឹះនៃការរស់នៅ និងជាអត្តសញ្ញាណសម្រាប់សមណសិស្ស ដូចគាថាព្រះសាស្តាសម្តែងថា “សីលំ យាវជីវំ រក្ខេយ្យ” (ត្រូវថែរក្សាសីលរហូតដល់អស់ជីវិត)

៣. បណ្តុះចិត្តមេត្តា ករុណា និងការចែករំលែក ដោយសមណសិស្សត្រូវមានចិត្តល្អ ស្រឡាញ់គ្នា និងជួយគ្នា ដើម្បីបង្កើតសាមគ្គីភាពក្នុងសាលា និងសង្គម ដូចគាថាព្រះសាស្តាសម្តែងថា“មេត្តា ធម្មោ សុខាវហោ” (មេត្តាធម៌ នាំមកនូវសុខ)

៤. យកធម៌ជាគន្លឹះដឹកនាំជីវិត និងសង្គម ដោយព្រះអង្គបានបញ្ជាក់ថា មនុស្សមានធម៌ នឹងនាំឱ្យសង្គមមានសន្តិភាព និងការអភិវឌ្ឍ ដូចគាថាព្រះសាស្តាសម្តែងថា “ធម្មោ ហវេ រក្ខតិ ធម្មចារី”ធម៌ការពារអ្នកប្រតិបត្តិធម៌។

ព្រះអង្គក៏បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ សប្បុរសជន និងអាណាព្យាបាល ដែលបានចូលរួមគាំទ្រដល់វិស័យពុទ្ធិកសិក្សា តាមរយៈការផ្តល់ធនធាន សម្ភារៈ និងកម្លាំងចិត្ត ដើម្បីឱ្យសាលាពុទ្ធិកសិក្សាអាចបន្តដំណើរការបានដោយរឹងមាំបីដូចព្រះពុទ្ធបានត្រាស់ថា៖
“ធម្មទានំ សព្វទានំ ជិនាតិ”ធម្មទានឈ្នះអស់ទានទាំងពួង។ ការគាំទ្រនេះ គឺជាការចូលរួមដ៏មានតម្លៃ ក្នុងការបណ្តុះបញ្ញា និងសីលធម៌ ដល់ជំនាន់ក្រោយ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍជាតិយ៉ាងចីរភាព។

ក្នុងឱកាសនេះផងដែរក៏មានការប្រគេនជ័យលាភីដល់សមណសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ និងផ្តល់វិញ្ញាបនបត្រកិត្តិយសដល់សមណសិស្សដែលខិតខំប្រឹងប្រែងក្នុងការសិក្សា ជាការលើកទឹកចិត្ត និងជំរុញឱ្យបន្តអភិវឌ្ឍខ្លួនឯងបន្ថែមទៀត។