ការពង្រឹងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា៖ ការប្រើប្រាស់យន្តការនីតិសមុទ្រ UNCLOS និងការនាំមុខផ្នែកការទូតក្នុងការដោះស្រាយវិវាទដែនអធិបតេយ្យរវាងប្រទេសកម្ពុជា–ថៃ
នាវិមានរដ្ឋសភា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះអ្នកជំនាញច្បាប់អន្តរជាតិ ដែលទទួលបានការសិក្សាផ្ទាល់ពីអង្គការសហប្រជាជាតិផ្នែកនីតិសមុទ្រ គឺលោក អាន ប៉ាស្ទី (AN Pasty) បានធ្វើបទបង្ហាញដ៏សំខាន់មួយនៅវិមានរដ្ឋសភា ក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ និងក្នុងនាមបញ្ញវន្តកម្ពុជាមួយរូប និងក្នុងស្មារតីជាតិ ដើម្បីជាប្រយោជន៍រួមដល់ជនរួមជាតិកម្ពុជាទាំងអស់។ នៅក្នុងបាឋកថានេះ លោក អាន ប៉ាស្ទី បានលើកឡើងនូវផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបផ្នែកការទូតសម្រាប់កម្ពុជា ចំពោះការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។
ចំណុចស្នូលនៃវិធីសាស្ត្រដែលលោកលើកឡើងនោះ រួមមាន៖ ទី១ ការបន្តនូវយន្តការបុរេសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) របស់អនុសញ្ញានេះឱ្យកាន់តែសកម្មឡើងថែមទៀត។ ទី២ យុទ្ធសាស្ត្រការទូតសកម្ម និងការទូតបុរេសកម្មឱ្យខ្លាំងឡើងថែមទៀតជាមួយដៃគូតំបន់ និងអន្តរជាតិ និងការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃត្រូវតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក អាន ប៉ាស្ទី បានស្នើថា កម្ពុជាគួរគប្បីបង្កើនវិធានការការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការកសាងសម្ព័ន្ធភាពជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់អាស៊ាន អឺរ៉ុប អាស៊ី និងគ្រប់ទ្វីបពាក់ព័ន្ធ និងការប្រើប្រាស់យន្តការអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិឱ្យជួយធ្វើជាសាក្សីកាន់តែទូលំទូលាយលើបញ្ហា ដែលថៃនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរតួយ៉ាងគឺ អស់រយៈពេល ៨០០ឆ្នាំកន្លងមកហើយ និងដើម្បីបង្កើនយន្តការការទូតបុរេសកម្ម ដើម្បីទទួលបានការគាំទ្រជារួមពីសហគមន៍អន្តរជាតិ ក្នុងន័យ និងក្នុងស្មារតីរួមគ្នាលើកស្ទួយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងរួមគ្នាប្រឆាំងអំពើឈ្លានពានទាំងឡាយដែលរំលោភច្បាប់អន្តរជាតិ។ តាមរយៈការទទូចឱ្យមានការគោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារួមទាំងសហគមន៍អន្តរជាតិ អាចដាក់សម្ពាធជាបន្តបន្ទាប់លើប្រទេសថៃ ឱ្យចូលរួមដោះស្រាយវិវាទលើអធិបតេយ្យដោយសន្តិវិធី។
ក្របខណ្ឌយុទ្ធសាស្ត្រនេះ មិនត្រឹមតែមានគោលបំណងការពារអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុចរិតភាពក្នុងការអនុវត្តច្បាប់ និងប្រកាន់យកនូវគោលការណ៍សណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិដែលផ្អែកលើវិធានច្បាប់ ព្រមទាំងបង្កើតជាគំរូមួយសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមយន្តការនៃច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់កើតចេញពីកម្ពុជានៃយើង។
សូមជម្រាបជូនថា លោក អាន ប៉ាស្ទី ជាអ្នកជំនាញច្បាប់អន្តរជាតិ ភូមិសាស្ត្រនយោបាយ និងជាអ្នកការទូតអាជីព អតីតជាអ្នកការទូតកម្ពុជាប្រចាំអាមេរិកឡាទីន ដែលមានបទពិសោធន៍ ១០ឆ្នាំក្នុងវិស័យការបរទេស និងបទពិសោធន៍ជាក់ស្តែងជាង ២ទសវត្សរ៍ ក្នុងការរួមចំណែកអនុវត្តទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាអតីតអ្នកទទួលបានជ័យលាភីពានរង្វាន់ពីអង្គការសហប្រជាជាតិស្តីពីកិច្ចការមហាសមុទ្រ និងនីតិសមុទ្រ (UNCLOS) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ និងជាអ្នកទទួលបានជ័យលាភីពានរង្វាន់វគ្គសិក្សាច្បាប់អន្តរជាតិកម្រិតតំបន់របស់អង្គការសហប្រជាជាតិ ផ្នែកនីតិអន្តរជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក៕



