រោងចក្រកែច្នៃលោហធាតុជាគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្ត១ នឹងលេចវត្តមានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុជាគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្ត របស់ក្រុមហ៊ុនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD) ដែលមានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបថា រោងចក្រកែច្នៃលោហធាតុនេះ មានទីផ្សារគោលដៅនៅប្រទេសចិន។
តាមការបញ្ជាក់ពីម្ចាស់សំណើ នៅពេលពេញសមត្ថភាព រោងចក្រនេះនឹងមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ ១០០នាក់ផងដែរ។
ក្រោមយន្តការថែទាំអ្នកវិនិយោគ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យក្រុមហ៊ុន៖
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។

ប្រភព:រដ្ឋបាលខេត្តព្រះសីហនុ


