ឯកឧត្តម ហ៊ុន ម៉ានី ជំរុញការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានរដ្ឋបាលសាធារណៈទំនើប និងបរិយាបន្ន

នៅសាលាភូមិន្ទរដ្ឋបាលរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រ ព្រមទាំងក្រុមការងារ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលានេះឡើង និងបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការបញ្ជ្រាបយេនឌ័រនាពេលកន្លងមក។

​តាមរយៈរបាយការណ៍ លទ្ធផលនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈមានការរីកចម្រើនជាលំដាប់៖ ចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនឡើងពី ៤១% ក្នុងឆ្នាំ២០២០ ដល់ ៤៣% មកដល់ពេលបច្ចុប្បន្ន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រសាសន៍ជាគន្លឹះថា «យើងមានវឌ្ឍនភាព ប៉ុន្តែមិនអាចពេញចិត្តត្រឹមតែវឌ្ឍនភាពប៉ុណ្ណឹងនោះទេ។ យើងត្រូវបន្តប្រែក្លាយវឌ្ឍនភាពនេះ ឱ្យទៅជាលទ្ធផលកាន់តែធំ កាន់តែជាក់ស្តែង និងកាន់តែមាននិរន្តរភាព» ។

គោលបំណងយុទ្ធសាស្ត្រចម្បងទាំង ៣ នៃដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស៊ីសង្វាក់គ្នាទៅនឹងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) ដោយផ្តោតលើការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត និងភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ។ ធានាបរិយាកាសការងារសមរម្យ និងមានសុវត្ថិភាព សម្រាប់មន្ត្រីរាជការស៊ីវិលទាំងអស់ ដោយគ្មានការរើសអើង និងការបៀតបៀន។ បង្កើនសមត្ថភាព និងការយល់ដឹង លើការបញ្ជ្រាបនិងការវិភាគយេនឌ័រ ក្នុងការរៀបចំគោលនយោបាយ និងការផ្តល់សេវាសាធារណៈ។

​ដើម្បីសម្រេចបាននូវគោលដៅខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ៣ ចំណុច៖
​ទី១. បន្តជំរុញ និងបង្កើនសមាមាត្រស្ត្រីក្នុងការជ្រើសរើសមន្ត្រីថ្មី និងការតែងតាំងមុខតំណែងដឹកនាំគ្រប់កម្រិត ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ (ថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល) ព្រមទាំងផ្តល់ឱកាសបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។

ទី២. បង្កើតបរិយាកាសការងារដែលគាំទ្រដល់ស្ត្រី ដូចជាការរៀបចំឱ្យមាន បន្ទប់ទារកដ្ឋាន ឬកន្លែងមើលថែទាំកុមារ នៅតាមក្រសួង និងអង្គភាពសាធារណៈ ដើម្បីជួយសម្រួលដល់មន្ត្រីជាស្ត្រីដែលមានកូនតូច។

ទី៣. បន្តសហការជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី សាលាភូមិន្ទរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រដល់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយការយល់ដឹងទៅជាសកម្មភាពជាក់ស្តែងក្នុងរដ្ឋបាលសាធារណៈទំនើប៕