អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលើការបើកផ្ដល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និង ឯកឧត្តមនាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ណែនាំស្ដីពី«វិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាល ជាតិកម្ពុជា» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង
មានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ការផ្គត់ផ្គង់ជីវភាពជូនមន្ត្រីនគរបាលជាតិឱ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះត្រូវបានធ្វេីឡេីងនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំឧត្តរមានជ័យនៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់។

បន្ទាប់ពីកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ផ្នែកសន្តិសុខសាធារណៈ) បានអាននូវសេចក្ដីណែនាំស្តីពីវិធានការអនុវត្តលើការបើកផ្តល់ បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា។ បន្ទាប់មក ឯកឧត្តមនាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ ក៏បានធ្វើការពន្យល់បកស្រាយបន្ថែមនូវខ្លឹមសារនិងសេចក្តីណែនាំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានធ្វើការកត់សម្គាល់និង ស្នើអង្គភាពពាក់ព័ន្ធរៀបចំកិច្ចការងារមួយចំនួនឱ្យបានទាន់ពេលវេលា ដែលក្នុងនោះទាក់ទងនឹងការរៀបចំ សំណុំឯកសារស្នើសុំបៀវត្ស ប្រាក់លម្អៀងមុខតំណែង និងប្រាក់លម្អៀងឋានន្តរសក្តិ និងការរៀបចំសំណុំ បែបបទរបស់មន្ត្រីនគរបាលជាតិចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាព ការងារ ពលី មរណៈ ពិការ និងលាឈប់ ពីការងារ ព្រមទាំងស្នើអង្គភាពដែលមានមន្ត្រីផ្ទេរក្របខ័ណ្ឌនិងបៀវត្សពីក្រសួង ស្ថាប័ននានា មកក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជួយសម្របសម្រួលពន្លឿនរៀបចំបែបបទរំលឹកបៀវត្សឱ្យបានឆាប់រហ័ស ដើម្បីអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ អនុវត្តនីតិវិធីបន្ត ចៀសវាង មានភាពយឺតយ៉ាវដោយប្រការណាមួយ៕