គណៈកម្មការទី៤ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារនៅខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងឈ្វេងយល់ផ្ទាល់ពីស្ថាន ភាពទូទៅ វឌ្ឍនភាព ព្រមទាំងយន្តការដោះស្រាយបញ្ហាប្រឈមនានា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខសង្គម
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មការងារនៅខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងឈ្វេងយល់ផ្ទាល់ពីស្ថានភាពទូទៅ វឌ្ឍនភាព ព្រមទាំងយន្តការដោះស្រាយបញ្ហាប្រឈមនានា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខសង្គម។
នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដែលតំណាងដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម កែប ជុតិមា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
ជាកិច្ចឆ្លើយតបទៅនឹងរបាយការណ៍វឌ្ឍនភាពខេត្ត ដែលទទួលបានគម្រោងវិនិយោគរហូតដល់ ២១៣គម្រោង ជាមួយទុនប្រមាណ ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមប្រធានគណៈកម្មការទី៤ បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួនដល់រដ្ឋបាលខេត្ត រួមមាន៖
.ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារកែទម្រង់នេះ ឱ្យស្របតាមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
.ការគ្រប់គ្រងធនធានធម្មជាតិ និងទេសចរណ៍៖ ត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាប្រភពទឹកស្អាត ឆ្នេរសមុទ្រវែងជិត ១៧៦គីឡូម៉ែត្រ និងកោះធម្មជាតិទាំង ៣២ ឱ្យបានល្អប្រសើរ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម។
.ការអនុវត្តយុទ្ធសាស្ត្រជាតិ៖ ត្រូវបន្តជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព។
ទន្ទឹមនឹងការផ្តល់អនុសាសន៍ ឯកឧត្តម កែប ជុតិមា ក៏បានសម្តែងនូវការគាំទ្រ និងកោតសរសើរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរខេត្ត ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាសារវន្តក្នុងការកសាងទំនុកចិត្តជូនប្រជាពលរដ្ឋ និងវិនិយោគិនបរទេស។
ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្តមប្រធានគណៈកម្មការ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សាការងារនៅសាលាខេត្ត ឯកឧត្តម កែប ជុតិមា ក៏បានដឹកនាំគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា អញ្ជើញចុះពិនិត្យ និងឈ្វេងយល់ផ្ទាល់ពីខ្សែចង្វាក់ប្រតិបត្តិការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាបន្ថែមទៀត៕



