គណៈកម្មការទី៤ នៃរដ្ឋសភា ចុះពិនិត្យ និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ និងសាលានាយទាហានសកម្ម និងមូលដ្ឋានសមុទ្ររាម
ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថានបញ្ជាការសេនាធិការ និងសាលានាយទាហានសកម្ម ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទស្សនកិច្ចសិក្សានេះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព តួនាទីភារកិច្ច និងការប្រឈមរបស់សាលានាយទាហានសកម្ម និងវិទ្យាស្ថានបញ្ជាការ-សេនាធិការ ក្នុងការបណ្តុះបណ្តាល ធនធាន សំដៅពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យមានលក្ខណៈទំនើប ការធ្វើទំនើបកម្មវិស័យការពារជាតិតាមគោលនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ បានធ្វើបទបង្ហាញអំពីប្រវត្តិ ការអភិវឌ្ឍ និងសមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន ។
ឯកឧត្តមបានជម្រាបថា វិទ្យាស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពនាយទាហានជំនាន់ថ្មី ដើម្បីបំពេញបេសកកម្មការពារជាតិ និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានរាយការណ៍អំពីតួនាទី និងភារកិច្ចរបស់សាលា ក្នុងការបណ្តុះបណ្តាលនាយទាហានសកម្មតាមបែបវិទ្យាសាស្ត្រទំនើប។បច្ចុប្បន្នសាលាមានកម្មវិធីបណ្តុះ បណ្តាលរយៈពេល៤ឆ្នាំដែលមានកម្រិតស្មើគ្រឹះស្ថានឧត្តមសិក្សា ដោយផ្តោតលើចំណេះដឹង សមត្ថភាព វិន័យ និងភាពជាអ្នកដឹកនាំ ស្របតាមការវិវត្តរបស់សង្គម និងវិស័យការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការរៀបចំរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ និងទំនើប ស្របតាមការអភិវឌ្ឍនៃវិស័យការពារជាតិ។
តមក ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថាននាយទាហានចម្រុះ។
ឯកឧត្តម ម៉ម យឿន នាយរងសេនាធិការចម្រុះ និងជានាយកវិទ្យាស្ថាននាយទាហានចម្រុះ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការយកចិត្តទុកដាក់លើវិស័យការពារជាតិ និងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានចីរភាព។ ទន្ទឹមនឹងសមិទ្ធផលជាច្រើន វិទ្យាស្ថានក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន កង្វះអគារស្នាក់នៅសម្រាប់គ្រូយោធាចារ្យ កម្រិតសមត្ថភាពរបស់គ្រូវ័យក្មេងមួយចំនួន និងការខ្វះខាតសម្ភារៈបច្ចេកវិទ្យាទំនើបសម្រាប់ការហ្វឹកហ្វឺន។
បន្ទាប់មក ប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា បានអញ្ជើញចុះធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅមូលដ្ឋានសមុទ្ររាម ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការសមុទ្ររាម បានធ្វើបទបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ និងតួនាទីសំខាន់ៗរបស់មូលដ្ឋានសមុទ្ររាម ដែលផ្តោតលើ៖
– ការការពារជាតិ និងសន្តិសុខដែនសមុទ្រ
– ការហ្វឹកហ្វឺនកងទ័ព និងពង្រឹងសមត្ថភាពយោធា
– ប្រតិបត្តិការសង្គ្រោះមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តរក្សាសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម សេរី កុសល បានចែករំលែកនូវមោទនភាពផ្ទាល់ខ្លួន ដោយបញ្ជាក់ថា កូនប្រុសរបស់ឯកឧត្តមចំនួន ២រូប ក៏បានឆ្លងកាត់វគ្គបណ្តុះបណ្តាល នៅសាលានាយទាហានសកម្ម ជំនាន់ទី២១ និងជំនាន់ទី២២ ផង ដែរ ហើយបច្ចុប្បន្នបានបញ្ចប់ការសិក្សា និងកំពុងបំពេញភារកិច្ចជាយោធាចារ្យ បណ្តុះបណ្តាលនាយទាហាន នាយទាហានរង និងពលទាហាន នៅសាលាពលទាហានយោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ជូនដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមទាំងអស់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ដាក់ចេញនូវការធ្វើទំនើបកម្មលើវិស័យការពារជាតិ រួមមាន៖ ១. ការកែទម្រង់រចនាសម្ព័ន្ធការពារជាតិ ២. ការកែទម្រង់ហ្វឹកហ្វឺន និង៣. ទំនើបកម្មសម្ភារបច្ចេកទេស។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ច្បាប់ស្តីពីកាតព្វកិច្ចយោធា” ដែលមានគោលបំណងជំរុញ ការចូលរួមរបស់យុវជនក្នុងការបម្រើ និងការពារជាតិ ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពចំពោះមាតុភូមិ។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភា ចំពោះការអភិវឌ្ឍវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បន្តថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលវិទ្យាស្ថានបញ្ជាការ-សេនាធិការ និងសាលានាយទាហានសកម្ម និងមូលដ្ឋានសមុទ្ររាម បានលើកឡើង គណៈកម្មការទី៤ នឹងធ្វើរបាយការណ៍គោរពជម្រាបជូន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងជួយធ្វើអន្តរាគមន៍ដោះស្រាយតាមលទ្ធភាពជាក់ស្តែង។
ជាទីបញ្ចប់ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បាននាំយកថវិកាសម្តេចប្រធានរដ្ឋសភាជូនដល់វិទ្យាស្ថានបញ្ជាការ-សេនាធិការ ចំនួន៥លានរៀល និងសាលានាយទាហានសកម្ម ចំនួន៥លានរៀល ។គណៈកម្មការទី៤ នៃរដ្ឋសភា ក៏បានជួយឧបត្ថម្ភដល់សាលាមត្តេយ្យក្នុងរយៈពេលបីឆ្នាំ ក្នុងមួយឆ្នាំ១០លានរៀល ឧបត្ថម្ភជូនដល់មូលដ្ឋានសមុទ្ររាម ចំនួន ១០លានរៀល ព្រមទាំងបានអញ្ជើញចុះពិនិត្យផ្ទាល់នៅកន្លែងស្នាក់នៅ និងអាហារដ្ឋានរបស់សិក្ខាកាមប្រកបដោយបរិយាកាសស្និទ្ធស្នាលក្រៃលែង៕



