ឯកឧត្តមរដ្ឋមន្រ្ដី នេត្រ ភក្ត្រា ថ្លែងថា អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិ និងបង្ហាញការពិតពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវ និងមានទំនួលខុសត្រូវ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកឌីជីថល និងបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី កម្ពុជា ត្រូវការអ្នកសារព័ត៌មានដែលមានគុណភាព វិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមតស៊ូមតិ ការពារផលប្រយោជន៍ជាតិ និងបង្ហាញការពិតពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិឱ្យបានត្រឹមត្រូវ និងទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម បានធ្វើឱ្យបរិយាកាសព័ត៌មានមាន ការប្រកួតប្រជែងកាន់តែខ្លាំង ខណៈព័ត៌មានមិនពិត និងការបំភាន់ព័ត៌មាន ក៏កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់គ្រប់ប្រទេស។ ក្នុងន័យនេះ អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។

តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មានត្រូវបន្តពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម ហើយការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពព័ត៌មានជូនដល់សាធារណជន ប្រឆាំងព័ត៌មានក្លែងក្លាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គឺជាកត្តាចាំបាច់ក្នុងការឆ្លើយតបទៅនឹងបរិបទសារព័ត៌មានសកល។

ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» រយៈពេល ៥ថ្ងៃ ជូនដល់មន្ត្រីជំនាញបច្ចេកទេស និងអ្នកសារព័ត៌មាន ចំនួន ១០៥នាក់ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែមានគុណភាព សុក្រឹត្យ និងទាន់សម័យ ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញនៅក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ហើយធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ឯកឧត្តម បានរម្លឹកដល់មន្ត្រីទទួលបន្ទុកព័ត៌មាន រួមទាំងអ្នកអ្នកសារព័ត៌មាន សូមកុំធុញទ្រាន់ចំពោះការចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនបានកាន់តែរឹងមាំ ហើយក៏មិនត្រូវធុញទ្រាន់ចំពោះការអង្គុយសរសេរនោះដែរ ព្រោះការចំណយពេលក្នុងការសិក្សានឹងធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗជាច្រើន ក៏ប៉ុន្តែបើយើងមិនលះបង់ពេលវេលារៀនសូត្រនោះទេ ហើយខ្ចិលនោះ អ្នកនឹងមិនអាចរីកចម្រើនបានទេ ។ តែបើយើងខិតខំប្រឹងប្រែងនឹងបោះជំហានទៅមុខរហូត។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មាន មិននឿយណាយក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងសោតទស្សន៍នោះទេ ចំពោះការបង្កើតឲ្យមានធនធានមនុស្សច្រើនក្នុងវិស័យវិស័យព័ត៌មាន ដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននឹងកំពុងអនុវត្តមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។

ជាថ្មីម្យងទៀត ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា
ការធ្វើព័ត៌មាន មិនមែនត្រឹមតែធ្វើព័ត៌មានឱ្យតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែ ការសរសេរព័ត៌មានចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើយើងសរសេរព័ត៌មានដើម្បីអ្វី?
តើមានគោលបំណងអ្វី?
តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់របស់យើង? អ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ។

ដូច្នេះហើយ អ្វីដែលសំខាន់គឺ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន សិក្សារៀនសូត្របន្ថែម និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីសាធារណជនទាំងក្នុង និងក្រៅប្រទេស៕