ឯកឧត្តម ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ

នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត ឯកឧត្តមរដ្ឋមន្ត្រី ជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះស្បើយ។

នៅមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញសួរសុខទុក្ខមន្ត្រីមួយរូបដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញបេសកកម្មនៅក្នុងខេត្តពោធិ៍សាត់ផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យ និងដោះស្រាយរាល់ទុក្ខលំបាក ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារ និងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ជនរងគ្រោះសរុបចំនួន ៩នាក់ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៦នាក់, មន្ទីរពេទ្យជាតិ តេជោសន្តិភាពចំនួន ២នាក់ និងម្នាក់ទៀត នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយដែលឯកឧត្តមរដ្ឋមន្រ្តីចាត់ឱ្យថ្នាក់ដឹកនាំក្រសួងចុះសួរសុខទុក្ខកាលពីថ្ងៃម្សិលមិញ។

បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅតាមមន្ទីរពេទ្យទាំង៣ នៅរាជធានីភ្នំពេញ កាន់តែប្រសើរហើយ៕